ព័ត៌មានអន្តរជាតិ

ថៃ៖ អង្គការលើកលែងទោស អន្តរជាតិ ស្នើឱ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ទម្លាក់ការចោទប្រកាន់លើមេដឹកនាំបាតុកម្មទាំង ៣១ នាក់

បរទេស៖ រដ្ឋាភិបាល បានចេញសេចក្តី ថ្លែងការណ៍ចំនួន ២ តាមរយៈក្រសួងការបរទេស និងការិយាល័យប៉ូលីសភូមិន្ទថៃ ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការ ដែលបង្កើតដោយអង្គការ លើកលែងទោសអន្តរជាតិ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងយុទ្ធនាការរបស់ខ្លួន អង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានជំរុញឱ្យមនុស្សជាង ៨ លាននាក់ដែលជាសមាជិក អ្នកគាំទ្រនិងសកម្មជនប្រជាធិបតេយ្យ នៅជុំវិញពិភពលោកសរសេរលិខិត ទៅកាន់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដោយស្នើឱ្យទម្លាក់ការចោទ ប្រកាន់លើមេដឹកនាំបាតុកម្មទាំង ៣១ នាក់ ដែលចូលរួមធ្វើបាតុកម្មថ្ងៃទី ១៨ ខែកក្កដា នៅវិមានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក និងបញ្ឈប់ការរារាំងប្រជាជន ពីការចូលរួមក្នុងការជួបជុំសាធារណៈដើម្បីរិះគន់រដ្ឋាភិបាល។

អង្គការនេះក៏ស្នើឱ្យរដ្ឋាភិបាលថៃ លុបចោលច្បាប់ដែលខ្លួនយល់ថា ជាការគាបសង្កត់សេរីភាពបញ្ចេញមតិ របស់ប្រជាជននិងសិទ្ធិក្នុងការ ប្រមូលផ្តុំដោយសន្តិវិធី។

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសនិយាយថា រដ្ឋាភិបាលមិនបានរារាំងការរិះគន់ឡើយ។ ក្នុងអំឡុងពេលពីរខែកន្លងមកនេះនិស្សិតនិងប្រជាជន ត្រូវបានអនុញ្ញាតឱ្យធ្វើបាតុកម្មមួយចំនួន ក្នុងការរក្សាសេរីភាព នៃការបញ្ចេញមតិនិងសិទ្ធិ ក្នុងការជួបជុំដោយសន្តិវិធី ។ ទោះយ៉ាងណា ក្នុងការអនុវត្តសិទ្ធិសេរីភាពទាំងនេះ បាតុករត្រូវគោរពតាមច្បាប់ និងគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ ដើម្បីជាប្រយោជន៍ដល់ច្បាប់ និងសណ្តាប់ធ្នាប់ ក៏ដូចជាសន្តិសុខជាតិ ស្របតាមកតិកាសញ្ញាអន្តរជាតិ ស្តីពីច្បាប់ស៊ីវិល និងសិទ្ធិនយោបាយ (ICCPR) ដែលថៃបានចុះហត្ថលេខា ៕ ប្រែសម្រួលៈ ណៃ តុលា

To Top