ព័ត៌មានអន្តរជាតិ

ក្រិកនឹង ជំរុញបង្កើន វិស័យការពារជាតិ ស្របពេលភាពតានតឹង នៅមេឌីទែរ៉ានេ ភាគខាងកើត កើនឡើង

បរទេស ៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលក្រិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសក្រិកគ្រោងនឹងទិញអាវុធ ជំរុញបង្កើនកងកម្លាំង ប្រដាប់អាវុធ និងកែប្រែឧស្សាហកម្ម ការពារជាតិ ស្របពេលភាពតានតឹង ជាមួយតួកគី ជុំវិញធនធានថាមពល នៅក្នុងសមុទ្រមេឌីទែរ៉ានេ ភាគខាងកើតកើនឡើង ។

លោក Stelios Petsas ជាមន្ត្រីនាំពាក្យរដ្ឋាភិបាលក្រិក បានិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងកំពុងតែពិភាក្សាគ្នា ជាមួយសម្ពន្ធមិត្តនានា ដើម្បីជំរុញបង្កើនកងកម្លាំង ប្រដាប់អាវុធរបស់យើង” និងបន្ថែមទៀតថា លោកនាយករដ្ឋមន្ត្រី Kyriakos Mitsotakis នឹងដាក់ចេញផែនការរបស់លោក នៅក្នុងអំឡុងថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយ សេដ្ឋកិច្ចប្រចាំឆ្នាំ នៅថ្ងៃសៅរ៍ ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មន្ត្រីរដ្ឋាភិបាលក្រិក បាននិយាយប្រាប់សារព័ត៌មានថា ប្រទេសក្រិកំពុងតែពិភាក្សាគ្នា ជាមួយប្រទេសបារាំង និងប្រទេសដទៃផ្សេងទៀត ជុំវិញការទិញយន្តហោះចម្បាំង ។ ក្រិកក៏បាននិងកំពុងតែព្យាយាម អស់រយៈពេលជាងមួយទសវត្ស ដើម្បីពង្រឹងនិងធ្វើឯកជន ភាវូបនីយកម្ម ចំពោះក្រុមហ៊ុនការពារជាតិ ដែលមានការខាតបង់ផងដែរ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top