ព័ត៌មានអន្តរជាតិ

ទីតំាងអភិរក្សាព្រៃឈើជាតិ នៅសហរដ្ឋអាមេរិក ចំនួន៨កន្លែងនឹងបិទទ្វារ ស្របពេលរលកកម្តៅ កំពុងកើនឡើង

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានឲ្យដឹង កាលពីថ្ងៃចន្ទថា ទីតាំងអភិរក្សាព្រៃឈើជាតិ នៅរដ្ឋកាលីហ្វ័រនីញ៉ា ចំនួន០៨កន្លែង នឹងបិទទ្វារ ជាបណ្តោះអាសន្ន ដោយតែ “ការមិនដឹងប្រាកដ និងគ្រោះថ្នាក់ ដោយស្ថានភាពអគ្គីភ័យ ស្របពេល ដែលរលកកម្តៅបង្កគ្រោះថ្នាក់ នៅតំបន់ប៉ែកខាងលិចនៃសហរដ្ឋអាមេរិក” ។

លោក Randy Moore អ្នកគ្រប់គ្រងព្រៃឈើតំបន់ ចំណុះឲ្យក្រសួងកសិកម្ម សេវាកម្មព្រៃឈើ តំបន់នីរតីប៉ាស៊ីហ្វិក នៅក្នុងសេចក្តីប្រកាសមួយថា “ស្ថានភាពភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា គឺគ្រោះថ្នាក់ណាស់ ហើយត្រូវតែទប់ស្កាត់កុំឲ្យ មានអគ្គភ័យកើតឡើង ដោយប្រការណាមួយ អគ្គីភ័យថ្មី អាចចាប់ផ្តើមបាន នៅពេលដែលអាកាសធាតុ មិនអំណោយផល ហើយយើងមិនទាន់ មានធនធានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ពេញទំហឹង និងទប់ទល់នឹងអគ្គីភ័យ” ។

យោងតាមក្រសួង ខាងលើបានឲ្យដឹងថា ទីតាំងអភិរក្សព្រៃឈើជាតិ រួមមាន Stanislaus National Forest, Sierra National Forest, Sequoia National Forest, Inyo National Forest, Los Padres National Forest, Angeles National Forest, San Bernardino National Forest និង Cleveland National Forestនឹងត្រូវបានបិទទ្វារ ជាបណ្តោះអាសន្ននៅម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក នៅថ្ងៃចន្ទ ត្រូវនឹងម៉ោងសូន្យៗ នៅថ្ងៃអង្គារនេះ ។

កំណត់ត្រា ឬការតាមដានអំពីសីតុណ្ហភាព បានត្រូវគេបញ្ជាក់ថា នាពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅទូទាំងតំបន់ភាគខាងត្បូង រដ្ឋកាលីហ្វ័រនីញ៉ា ។ សីតុណ្ហភាព នៅ Woodland Hills បានកើនឡើងដល់១២១អង្សាហ្វារិនហៃ ស្មើនឹង៤៩,៤៤អង្សាសេ កាលពីថ្ងៃអាទិត្យ ដែលជាសីតុណ្ហភាពខ្ពស់បំផុត មិនធ្លាប់មានពីមុនក្នុងកំណត់ត្រា នៅក្រុងឡូសអ៊ែនជីឡេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top