ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា ២ នាក់ ត្រូវបានបញ្ជូន ទៅកាន់តុលាការអន្តរជាតិ ទីក្រុងឡាអេ ជុំវិញឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ

បរទេស៖ យោធាមីយ៉ាន់ម៉ា ២ នាក់ ត្រូវបានបញ្ជូន ទៅកាន់តុលាការអន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃច័ន្ទ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចាប់ផ្តើមរឿងក្ដីមួយ ដើម្បីពិនិត្យមើល ថាតើឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ បានប្រព្រឹត្តិប្រឆាំង នឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ាដែរឬទេ។ នៅក្នុងការផ្តល់សក្ខីកម្មតាមវីដេអូ យោធាទាំងពីរនាក់ បានសារភាព ពីការសម្លាប់អ្នកភូមិរាប់សិបនាក់ នៅរដ្ឋរ៉ាក់ឃីនភាគខាងជើង និងបានបញ្ចុះសពពួកគេ នៅក្នុងរណ្តៅដ៏ធំមួយ។

យោងតាមសារព័ត៌មាន MSN ចេញផ្សាយកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យ បានស្ថិតនៅក្នុងការឃុំឃាំង របស់ក្រុមបះបោររបស់កងទ័ព Arakan ដែលបច្ចុប្បន្ន កំពុងប្រយុទ្ធជាមួយ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅរដ្ឋ រ៉ាឃីន។ តាមពិតពួកគេបានទទួលការអនុញ្ញាត នៅក្នុងការឃុំឃាំងរបស់ក្រុមនេះ មុនពេលត្រូវបានគេ នាំទៅកាន់ប្រទេសហូឡង់។ ប៉ុន្តែគេនៅមិនទាន់ច្បាស់ ថាតើបុរសទាំងនោះ បានបោះបង់ចោលតំណែង និងចែករំលែករឿងរ៉ាវរបស់ពួកគេទេ។ កាសែត New York Times និយាយថា គេមិនអាចបញ្ជាក់ ដោយឯករាជ្យនូវអ្វី ដែលទាហានបានសារភាពឡើយ។

សូមជម្រាបថា មីយ៉ាន់ម៉ា បានបដិសេធការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ ហើយនិយាយថា ប្រតិបត្តិការយោធារបស់ខ្លួននៅឆ្នាំ ២០១៧ ផ្តោតលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលបានវាយប្រហារ ប៉ុស្តិ៍ព្រំដែនប៉ូលីស។ តុលាការ ICC កំពុងស៊ើបអង្កេត ការចោទប្រកាន់ពីការធ្វើទុក្ខបុកម្នេញ ទៅលើពួកជនជាតិ ការនិរទេសដោយបង្ខំ និងបទឧក្រិដ្ឋផ្សេងទៀត ប្រឆាំងនឹងមនុស្សជាតិ។ ទន្ទឹមនឹងនេះដែរប្រទេសមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ នៅឯតុលាការយុត្តិធម៌អន្តរជាតិ ដែលស្ថិតនៅក្នុងទីក្រុងឡាអេផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top