ព័ត៌មានអន្តរជាតិ

ក្រសួងសាធារណការ ពន្យល់ថា តាមលក្ខណៈបច្ចេកទេស សាងសង់សួនច្បារចែកទ្រូងផ្លូវ ត្រូវរក្សា គម្លាត២គីឡូម៉ែត្រ នៅក្រៅទីប្រជុំជន និងចន្លោះ៧០០ម៉ែត្រ នៅទីប្រជុំជន

ភ្នំពេញ ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ បានថ្លែងថា តាមលក្ខណៈបច្ចេក ទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវ ត្រូវរក្សាគម្លាតចាប់ពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ នៅក្រៅ ទីប្រជុំជន និងចន្លោះពី៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រ នៅក្នុងទីប្រជុំជន។

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពសាងសង់ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិ លេខ៣ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ខាន់ ម៉ាណេរ បានឲ្យដឹងថា ការសាងសង់សួនច្បារ ខណ្ឌទ្រូងផ្លូវ មានសារសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំង បានរំលេចនូវសោភណ្ឌភាពដងផ្លូវផងដែរ។

លោកមានប្រសាសន៍ថា «ហើយតាមលក្ខណៈបច្ចេកទេសការសាងសង់សួនច្បារចែកទ្រូងផ្លូវ គឺត្រូវរក្សាចន្លោះទ្រូងផ្លូវត្រង់ចំណុចដែលមានផ្លូវធំឆ្លងកាត់ និងទីតាំងដែលមានការឆ្លងកាត់ច្រើន តែត្រូវរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយទៀតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រនៅក្រៅទីប្រជុំជន និងចន្លោះពី៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រនៅក្នុងទីប្រជុំជន»។

លោកសង្កត់ធ្ងន់ថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវមិនស្របតាមលក្ខណៈបច្ចេកទេស គឺជាបច្ច័យនាំឲ្យល្បឿននៃការបើកបរថយចុះ បង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យខាតបង់ទ្រព្យសម្បតិ្ត ពិការ ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារ និងងាយធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពក្រីក្រជាដើម។

ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការ ក៏បានលើកឡើងថា តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់ផ្លូវជាតិលេខ៣ នឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ ដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ និងចក្ខុវិស័យរបស់ខ្លួន ជៀសវាងផលវិបាកនានាដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ។

សូមរំលឹកថា  គម្រោងសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន៨០%ហើយ មកដល់ពេលនេះ ក្រុមហ៊ុនកំពុងសាងសង់សួនចែកទ្រូងផ្លូវ និងស្ពានរំលងផ្លូវ។ ផ្លូវនេះត្រូវបានសាងសង់ឡើងតាមបទដ្ឋានអន្តរជាតិ សម្រាប់ល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×