ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបប្តេជ្ញា ដាក់ទណ្ឌកម្មលើប្រទេស បេឡារុស

បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបបានបង្ហាញនូវការខកចិត្តជាខ្លាំង ចំពោះអំពើហិង្សានៅក្នុងប្រទេសបេឡារុស ហើយនឹងដាក់ទណ្ឌកម្មលើបុគ្គលនានា ដែលត្រូវទទួលខុសត្រូវសម្រាប់ការក្លែងបន្លំការបោះឆ្នោត និងការបង្ក្រាបលើការតវ៉ាដោយសន្តិវិធី។ 

ដោយមានបំណងចង់គាំទ្រដល់ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងការគ្រប់គ្រងរយៈពេល២៦ឆ្នាំរបស់លោកប្រធានាធិបតីបេឡារុស Alexander Lukashenko នោះ រដ្ឋមន្ត្រីសហភាពអឺរ៉ុប កំពុងតែពិចារណាដាក់ទណ្ឌកម្ម លើមន្ត្រីបេឡារុសជាន់ខ្ពស់នានា ក្រោយការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែសីហា ដែលលោកខាងលិចនិយាយថា មានការក្លែងបន្លំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Josep Borrell  បានមានប្រសាសន៍យ៉ាងដូច្នេះថា  “សហភាពអឺរ៉ុបលើកឡើងដដែលៗ ពីការប្តេជ្ញារបស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មលើបុគ្គលនានា ដែលត្រូវទទួលខុសត្រូវចំពោះអំពើហិង្សា ការបង្ក្រាបលើការតវ៉ាដោយសន្តិវិធី និងការក្លែងបន្លំសន្លឹកឆ្នោត”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top