បរទេស ៖ ថ្នាក់ដឹកនាំគណៈកម្មាធិការ ចំណងមិត្តភាពបរទេស របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានស្នើលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យពិចារណាថា តើរដ្ឋាភិបាលរុស្ស៊ី បានបំពុលអ្នកនយោបាយប្រឆាំង របស់រុស្ស៊ី លោក Alexei Navalny ដោយសារធាតុគីមីពុល មែនឬមិនមែន ។
នៅក្នុងលិខិតមួយជូនដល់លោក ត្រាំ សមាជិកព្រឹទ្ធសភាមកពីបក្ស សាធារណរដ្ឋ លោក Jim Risch ជាប្រធានគណៈកម្មាធិការ និងសមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Bob Menendez បានសរសេរថា “ពួកយើងមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការវាយតម្លៃថា សកម្មជនប្រឆាំងអំពើពុករលួយរុស្ស៊ី លោក Alexei Navalny ត្រូវគេបំពុលក្នុងខែសីហា ឆ្នាំ២០២០ ដោយសារធាតុគីមីពុល មកពីក្រុមសារធាតុពុល Novichok “។
ប៉ុន្តែនៅពេលភ្លាមៗនេះ សេតវិមាននៅមិនទាន់ឆ្លើយតប នឹងការស្នើសុំការអត្ថាធិប្បាយ លើលិខិតពីលោក Risch និងលោក Menendez នេះនោះទេ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក រងប្រចាំនៅអង្គការសហប្រជាជាតិ លោក Cherith Norman-Chalet បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ កាលពីដើមខែនេះថា សេតវិមាននឹងធ្វើការងារ ជាមួយសម្ពន្ធមិត្តនានា ដើម្បីឲ្យបុគ្គលទាំងឡាយណា ដែលបានបំពុលលោក Navalny មកទទួលខុសត្រូវកំហុស៕
ប្រែសម្រួល៖ប៉ាង កុង