បរទេស៖ ប៉ូលីសបានសន្មត់ថា ជនសង្ស័យដែលនៅមិនទាន់ចាប់ខ្លួនបាន គឺជាអ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមប្រមូលផ្តុំ។ យោងតាមអាជ្ញាធរបានអោយដឹងថា គ្មាននរណាម្នាក់រងរបួសដោយសារឧប្បត្តិហេតុបាញ់ប្រហារនេះ នោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ NBC 4 បានផ្សាយកាលពីថ្ងៃសៅរ៍ថា ប៉ូលីសកំពុងតែតាមស្វែងរកបុរសម្នាក់ដែលបានបើកការបាញ់ប្រហារ នៅឯក្បួនដង្ហែរថយន្តមួយ ដើម្បីគាំទ្រដល់លោកប្រធានាធិបតីដូណាល់ត្រាំ នៅទីក្រុង Hilliard រដ្ឋ Ohio។
អ្នកទូរស័ព្ទចូលលេខ ៩១១ បានរាយការណ៍ថា ជនសង្ស័យបានបាញ់ចេញពីរថយន្តរបស់គាត់ សំដៅទៅរថយន្តផ្សេងទៀត តាមបណ្តោយ លេខ I-270 ។ ផ្អែកលើព័ត៌មានដែលផ្តល់ដោយសាក្សីពេលនេះ ប៉ូលីសកំពុងតែស្វែងរករថយន្ត ភីកអាប់ពណ៌ខ្មៅ ដែលមានទង់ជាតិអាមេរិក និងផ្ទាំងបិទស្ទីកគ័រថា Trump US Marines ដាក់នៅលើនោះ។
មន្ត្រីព័ត៌មានសាធារណៈរបស់ប៉ូលីសលោក Andrea Litchfield បាននិយាយថា ការបាញ់ប្រហារបានកើតឡើងនៅម៉ោងប្រមាណ ១០ និង៤០ នាទីព្រឹកថ្ងៃសៅរ៍។ នាងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេក្រៅពីនេះគ្មាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា