ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវ៉េណេស៊ុយអេឡា រួមទាំងកូនប្រុស និងប្អូនស្រីលោក នឹងក្លាយជាមនុស្សដំបូងគេ ដែលចាក់វ៉ាក់សាំងការពារ វីរុសរបស់រុស្ស៊ី

បរទេស៖ ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ រួមទាំង កូនប្រុសនិងប្អូនស្រីរបស់លោក គ្រោងនឹងចាក់វ៉ាក់សាំងរបស់រុស្ស៊ីឈ្មោះ Sputnik V ការពារមេរោគកូវីដ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ម៉ាឌូរ៉ូ នៅលើធ្វីតធ័រថា កូនប្រុសរបស់លោក គឺ Nicolas Ernesto Maduro Guerra និងប្អូនស្រីរបស់លោក គឺ Maria Teresa Maduro គ្រោងនឹងចូលរួមក្នុងការសាកល្បងព្យាបាលវ៉ាក់សាំងវ៉ាក់សាំងការពារវីរុស។

លោក ម៉ាឌូរ៉ូបាននិយាយថា “ នៅពេលដែលការចាក់ថ្នាំបង្ការរោគចាប់ផ្តើម ខ្ញុំនឹងក្លាយជាអ្នកដំបូងដែលបានចាក់វ៉ាក់សាំងនេះ”

សូមជម្រាបថា វ៉ាក់សាំង Sputnik V ដំបូងត្រូវបានបញ្ជូនទៅប្រទេស វ៉េណេស៊ុយអេឡាកាលពីថ្ងៃសុក្រ។ អនុប្រធានាធិបតី Delcy Rodriguez បានសង្កត់ធ្ងន់ថា វេណេស៊ុយអេឡាគឺជាប្រទេសដំបូងគេនៅអឌ្ឍគោលខាងលិចដែលបានចូលរួមក្នុងដំណាក់កាលទី ៣ នៃការសាកល្បងព្យាបាលវ៉ាក់សាំង៕ ប្រែសម្រួលៈ ណៃ តុលា

To Top