MEXICO CITY៖ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ របស់ប្រទេសម៉ិកស៊ិក លោក Salvador Cienfuegos Zepeda ត្រូវបានឃុំខ្លួននៅអាកាស យានដ្ឋាននៃទីក្រុង Los Angeles សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ DEA បានបញ្ជាក់នៅពេលក្រោយថា អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវបានឃុំខ្លួនតាមសំណើរបស់រដ្ឋបាល ការអនុវត្តច្បាប់គ្រឿងញៀនអាមេរិក (DEA) ។
លោក Cienfuegos Zepeda គឺជាអតីតមន្រ្តីជាន់ខ្ពស់ចុងក្រោយបង្អស់ មកពីប្រទេសម៉ិកស៊ិក ដែលត្រូវបានឃុំខ្លួនបន្ទាប់ពីអតីតរដ្ឋមន្រ្តីក្រសួង សន្តិសុខសាធារណៈរដ្ឋ ម៉ិកស៊ិកលោក Genaro Garcia Luna ត្រូវបានចាប់ខ្លួនកាលពីខែធ្នូឆ្នាំ ២០១៩ ដោយភ្នាក់ងារសហព័ន្ធនៅទីក្រុង Dallas រដ្ឋ Texas ។ កាលពីខែកក្កដាសហរដ្ឋអាមេរិកបានចោទប្រកាន់លោក និងសហការីជាន់ខ្ពស់ពីរនាក់ក្នុងការសមគំនិតជួញដូរគ្រឿងញៀនកូកាអ៊ីន។
លោក Cienfuegos Zepeda ធ្លាប់បានដឹកនាំក្រសួងការពារជាតិម៉ិកស៊ិក កាលពីឆ្នាំ ២០១២-២០១៨ ៕
ប្រែសម្រួលៈ ណៃ តុលា