ព័ត៌មានអន្តរជាតិ

វៀតណាម នឹងចំណាយ ១០០លានដុល្លារ ដើម្បីជួសជុលផ្លូវ ដែលខូចខាតដោយ ទឹកជំនន់នៅខេត្តចំនួន៥

បរទេស ៖ ថវិកាប្រមាណ ២,៣៥ ទ្រីលានដុង (១០១.៥ លានដុល្លារ) នឹងត្រូវការជាចាំបាច់ ដើម្បីជួសជុលផ្លូវដែលខូចខាត ដោយសារទឹកជំនន់ និងការបាក់ដីនៅខេត្តចំនួន ៥ នៅក្នុងប្រទេស វៀតណាម ។ ការងារបោសសំអាតផ្លូវ បានចាប់ផ្តើមធ្វើនៅក្នុងខេត្ត Ha Tinh, Quang Binh, Quang Tri, Thua Thien-Hue និងខេត្ត Quang Nam ដែលត្រូវបានរាំងស្ទះ ឬខូចខាតដោយសារ ការបាក់ដីនិងទឹកជំនន់ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការឈូសឆាយ និងការពង្រឹងផ្លូវ ត្រូវបានគេរំពឹងថា នឹងត្រូវចំណាយអស់ ១,៣៥ ពាន់ពាន់លានដុង ។ ការងារឈូសឆាយនេះ នឹងត្រូវអនុវត្តដោយក្រសួង ដឹកជញ្ជូនក្នុងតម្លៃ ៦៥០ ពាន់លានដុង ប្រសិនបើផ្លូវថ្នល់ពាក់ព័ន្ធ ត្រូវបានគ្រប់គ្រង ដោយក្រសួងនេះ និងដោយអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានផ្លូវផ្សេងទៀត ។

ការងារជួសជុលដែល នឹងបន្តរហូតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី នៅដើមខែកុម្ភៈ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ១ទ្រីលានដុង ។ ក្រសួងនឹងទាញថវិកា ២០០ ពាន់លានដុង ពីមូលនិធិអភិវឌ្ឍន៍ផ្លូវ សម្រាប់ឆ្នាំនេះហើយបា នស្នើសុំរដ្ឋាភិបាលនៅសល់ ។

កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលបានផ្តល់ប្រាក់ចំនួន ៣៥០ ពាន់លានដុង (១៥ លានដុល្លារ) ដើម្បីជួសជុលផ្លូវជាតិ នៅក្នុងតំបន់កណ្តាលដែលត្រូវបានបំផ្លាញ ដោយទឹកជំនន់ និងការបាក់ដី ។

សូមជម្រាបថា តំបន់នេះបានទទួលរងនូវទឹកជំនន់ ជាប្រវត្តិសាស្ត្រនិងការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ព្យុះត្រូពិក និង វិសម្ពាធអស់រយៈពេលជាង ៣ សប្តាហ៍គិតចាប់ពីថ្ងៃទី ៦ ខែតុលាដែលបណ្តាល ឱ្យមានមនុស្សស្លាប់យ៉ាងតិច ១៣០ នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top