ព័ត៌មានអន្តរជាតិ

ជប៉ុន ទទូចដល់កូរ៉េខាងត្បូង បង្ហាញដំណោះស្រាយជុំវិញ បញ្ហាពលកម្មសម័យសង្គ្រាម

តូក្យូ៖ ប្រទេសជប៉ុន បានទទូចដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីបង្ហាញដំណោះស្រាយលើបញ្ហាពលកម្មពេលសង្គ្រាម នៅពេលដែលអ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុន នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

លោក Shigeki Takizaki ប្រធានការិយាល័យកិច្ចការអាស៊ី និងអូសេអានីរបស់ក្រសួង បានព្រមានសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក គីម ជុងហាន់ ក្នុងពេលពិភាក្សានៅទីក្រុងសេអ៊ូលថា ការលក់ទ្រព្យសម្បត្តិក្រុមហ៊ុនជប៉ុនដែលរឹបអូសបានក្រោមសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង ស្តីពីសំណងពលកម្មពេលសង្គ្រាម ត្រូវតែជៀសវាង ដោយថាការធ្វើដូច្នេះនឹងនាំមកនូវស្ថានភាពធ្ងន់ធ្ងរបំផុត។

មន្ត្រីទាំងពីរបានជួបគ្នាជាលើកដំបូងចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានចូលកាន់តំណែងកាលពីខែកញ្ញា ដោយបានយល់ព្រមបន្តការសន្ទនាលើបញ្ហានេះ៕ដោយ ឈូក បូរ៉ា

To Top