ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសបន្ថែមពេលវេលា នៃការចាត់វិធានការ តឹងរឹងទៅលើក្រុងជាច្រើន ខណៈដែលជំងឺកូវីដ១៩ កំពុងបន្តឆ្លងរាតត្បាត ទូទាំងប្រទេស

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានប្រកាសអំពីការបន្ថែមពេលវេលានៃការចាត់វិធានការណ៍ដ៏តឹងរឹងទៅលើបណ្តាទីក្រុងជាច្រើន ខណៈដែលជំងឺកូវីដ១៩បានបន្តឆ្លងរាតត្បាតនៅទូទាំងប្រទេស ។

កាលពីថ្ងៃទី០៣ ខែតុលា ក្រុមអាជ្ញាធរអ៊ីរ៉ង់ បានស្នើឲ្យបិទសកម្មភាពអប់រំ និងវប្បធម៌លក្ខណៈទ្រង់ទ្រាយធំ នៅរដ្ឋធានីតេហរ៉ង់ បន្ទាប់ពីមានផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ។ ពួកគេក៏បានធ្វើការណែនាំសារជាថ្មីឲ្យរឹតត្បិតទៅលើការប្រើម៉ាស់ពាក់មុខ និងស្នើដល់ពលរដ្ឋចៀសវាងចេញក្រៅផ្ទះដែលមិនមានការចាំចាច់ ។

លោក Rouhani បានកត់សម្គាល់ថា ក្រសួងសុខាភិបាល សហការជាមួយក្រសួងព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ នឹងអនុវត្តតាមផែនការក្នុងការស្វែងរកអ្នកជំងឺ និងធ្វើការវិភាគទិន្នន័យនៃការឆ្លងរាលដាលជំងឺ ។

ការកំណត់នឹងត្រូវបន្ថែមដល់ក្រុងចំនួន៧១រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ។ លោក Rouhani បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅវិមានរដ្ឋាភិបាលសម្រាប់ការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ។

អ៊ីរ៉ង់ បានប្រកាសថា សរុបទៅមានអ្នកឆ្លងជំងឺចំនួន៦១២.៧៧២នាក់ គិតត្រឹមថ្ងៃសៅរ៍ និងមានអ្នកស្លាប់ចំនួន៣៤.៨៤៦នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top