ព័ត៌មានអន្តរជាតិ

លោក ពូទីន ធ្វើការពិភាក្សាផ្សេងគ្នា ជាមួយនាយករដ្ឋមន្ត្រីអាមេនី និងអាហ្ស៊ែបៃហ្សង់ ស្តីពី ជម្លោះនៅតំបន់ Nagorno-Karabakh

បរទេស៖ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានពិភាក្សាស្តីពីជម្លោះយោធានៅតំបន់ Nagorno-Karabakh ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទផ្សេងគ្នាមួយ ជាមួយជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅថ្ងៃទី០១ខែវិច្ឆិកា និងជាមួយប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោក Ilham Aliyev នៅថ្ងៃទី០២ខែវិច្ឆិកា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមដូច្នេះថា “បញ្ហាដោះស្រាយជម្លោះនៅតំបន់ Nagorno-Karabakh គឺត្រូវបានលើកយកមកពិភាក្សាគ្នាយ៉ាងលម្អិត”។

ការពិភាក្សាគ្នារវាងលោកប្រធានាធិបតីរុស្ស៊ី ជាមួយមេដឹកនាំរបស់ប្រទេសអាមេនីនិងអាហ្ស៊ែបៃហ្សង់នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តនៅតំបន់ជួរមុខនៃជម្លោះ ដែលបានសម្លាប់មនុស្សតិចបំផុត១.០០០នាក់។

គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh នោះ គឺត្រូវបានទទួលស្គាល់ដោយអន្តរជាតិថា ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសអាហ្ស៊ែបៃហ្សង់ ប៉ុន្តែវាត្រូវបានចូលមករស់នៅនិងកាន់កាប់ដោយជនជាតិភាគតិចអាមេនី៕ ប្រែសម្រួល៖ប៉ាង កុង

To Top