ព័ត៌មានអន្តរជាតិ

ការប្រមូលថវិកាជាតិ របស់វៀតណាម ធ្លាក់ចុះជាង ១០ភាគរយ រយៈពេល ១០ខែដំបូងដើមឆ្នាំនេះ

ហាណូយ៖ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសវៀតណាម បានប្រកាសពីការប្រមូលថវិកា ចំនួន ១,១៣៧,៣ ពាន់ពាន់លានដុងវៀតណាម (៤៩,៤ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១០,៣ ភាគរយ។

យោងតាមក្រសួងបានឱ្យដឹងថា ប្រាក់ចំណូល ក្នុងស្រុកក្នុងរយៈពេលប៉ុន្មានខែនេះ បានធ្លាក់ចុះ ៦,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកត្រឹមចំនួន ៩៥៩,២ ពាន់ពាន់លានដុង រីឯប្រាក់ចំណូលពីសកម្មភាព នាំចូលបានធ្លាក់ចុះ ២១,២ ភាគរយ ស្មើនឹង ១៤៧,៦ ពាន់ពាន់លានដុង។

ចន្លោះពីខែមករា ដល់ខែតុលា ការចំណាយថវិការបស់វៀតណាម មានចំនួន ១,២៦០,២ ពាន់ពាន់លានដុង ពោលគឺកើនឡើង ៩,៧ ភាគរយ។ ការចំណាយជាប្រចាំមានចំនួន ៨៤១,៣ ពាន់ពាន់លានដុងវៀតណាម កើនឡើង ៣ ភាគរយ៕ ដោយ៖ ឈូក បូរ៉ា

To Top