ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ Surin Palarae ថា ប្រជាជនម៉ូស្លីមជាង ១០ លាននាក់ ក្នុងប្រទេសថៃ នឹងមិនអត់អោនចំពោះការប្រមាថ ប្រឆាំងនឹង ស្ថាប័នព្រះមហាក្សត្រឡើយ

បរទេស៖ អង្គការអ៊ីស្លាមបានរៀបចំព្រឹត្តិការណ៍មួយ កាលពីថ្ងៃអង្គារដើម្បីបង្ហាញ ការគាំទ្រដល់ស្ថាប័នរាជវង្ស។ ព្រឹត្តិការណ៍នេះបានកើតឡើង នៅក្រុមប្រឹក្សាអ៊ិស្លាមកណ្តាល នៃប្រទេសថៃនៅសង្កាត់ Nong Chok ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំសាសនាមូស្លីមលោក Aziz Pitakkumpon ដែលជាប្រធានក្រុមប្រឹក្សាបានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំក្រុមមូស្លីមមកពី បណ្តាខេត្ត ដែលស្លៀកសម្លៀកបំពាក់ពណ៌លឿង តំណាងឱ្យពណ៌ថ្ងៃកំណើតប្រពៃណី របស់ព្រះករុណាព្រះមហាក្សត្រ។

លោក Aziz បាននិយាយថា ស្ថាប័នរាជវង្សបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសង្គមថៃប្រកបដោយសន្តិភាពដែលមានប្រជាជនថៃគ្រប់សាសនា និងដើមកំណើត។ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងរំលឹកប្រជាជនអំពីភាពចាំបាច់ ដើម្បីរក្សាឯកភាពនិង ការសម្របសម្រួលដើម្បីសន្តិភាពជាតិ។

លោកឧត្តមសេនីយ៍ Surin Palarae អគ្គលេខាធិការនៃ ក្រុមប្រឹក្សាអ៊ិស្លាមកណ្តាលនៃប្រទេសថៃបាននិយាយថាមានប្រជាជនម៉ូស្លីមជាង ១០ លាននាក់នៅក្នុងប្រទេស ហើយពួកគេនឹងមិនអត់អោនចំពោះបទល្មើសនានា ប្រឆាំងនឹងស្ថាប័នព្រះមហាក្សត្រឡើយ៕ប្រែសម្រួលៈ ណៃ តុលា

To Top