ព័ត៌មានអន្តរជាតិ

អេស ស៊ី ជី ប្រកាសលទ្ធផល ប្រតិបត្តិការអាជីវកម្មរឹងមាំ ទោះបីក្នុងអំឡុងពេល កូវីដ-១៩

បាងកក៖ ក្រុមហ៊ុន អេសស៊ីជី (SCG) សម្រេចបានប្រាក់ចំណេញ នៅក្នុងឆ្នាំ២០២០ ខ្ពស់ជាងឆ្នាំ២០១៩ បើទោះបីជាមានឧបសគ្គខ្លះៗ​ដែលបង្កដោយវិបត្តិកូវីដ-១៩ ក្ដី ។

បើតាម SCG  ភាពជោគជ័យនេះ គឺជំរុញដោយការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិក អេសស៊ីជី ទាំងអស់ ដែលបានគោរព និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន​នូវវិធានការ​ប្រឆាំងនឹងកូវីដ-១៩ រួមផ្សំជាមួយនឹងភាពបត់បែនរហ័សទាន់ពេល​នៅក្នុងប្រតិបត្តិការ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្វែងរកឱកាសថ្មីៗ សម្រាប់ការផ្ដល់នូវនវានុវត្តន៍ ផលិតផល សេវាកម្ម និងដំណោះស្រាយថ្មីៗ នៅក្នុងកាលៈទេសៈទីផ្សារដ៏លំបាកនេះ ។ កិច្ចប្រឹងប្រែងទាំងអស់នេះ បានជួយធានានិរន្តរភាព នៃប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់ជំនួយទៅដល់តំបន់នានា ដែលមានអត្រាឆ្លងកូវីដ-១៩ខ្ពស់ ដើម្បីជួយតំបន់ទាំងនោះ ឆ្លងផុតវិបត្តិ និងវិលត្រឡប់មករក កំណើនប្រកបដោយចីរភាព ។

លោក Roongrote Rangsiyopash ប្រធាននិងជាអគ្គនាយក អេសស៊ីជី បានបញ្ចេញឲ្យដឹងនូវលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមិនទាន់ធ្វើសវនកម្ម សម្រាប់ឆ្នាំ២០២០ ដោយចំណូលពីការលក់បានធ្លាក់ចុះ ៩% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺសម្រេចបានត្រឹម ២៦.០១២ប៊ីលានរៀល (៩.៦០២លានដុល្លារអាមេរិក) ដោយសារការធ្លាក់ចុះ នូវតម្លៃផលិតផលគីមី និងបរិមាណលក់ថយចុះ ។ ប្រាក់ចំណេញ សម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ៤.៤២៤ប៊ីលានរៀល (១.០៩១លានដុល្លារអាមេរិក) ដែលកើនឡើង ៧% បើធៀបនឹងតួលេខនៃឆ្នាំ២០១៩ ដោយសារតែលទ្ធផលល្អប្រសើរ នៅគ្រប់មុខធុរកិច្ច ។

លោកបន្ថែមថា “នៅឆ្នាំ២០២០ ចំណូលពីការលក់ផលិតផល​ និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់ ១៦.៣៣៩ប៊ីលានរៀល (៤.០៣០លានដុល្លារអាមេរិក) ដែលស្មើនឹង ៣២% នៃចំណូលសរុបពីការលក់ ដែលល្អប្រសើរជាងកាលពីត្រីមាសមុន” ។

អេសស៊ីជី ប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍ​ នូវនវានុវត្តន៍និងដំណោះស្រាយផ្នែកវេចខ្ចប់ ។ ក្រុមហ៊ុនបានបង្កើតនិងដាក់ឲ្យប្រើប្រាស់នូវស្ទូឌីយោ SCGP-Inspired Solutions ដើម្បីកែលម្អ បទពិសោធន៍អតិថិជន ឲ្យកាន់តែប្រសើរឡើង ថែមទៀត ជាមួយនឹងដំណោះស្រាយ រចនាបថនៃការវេចខ្ចប់ និងការអភិវឌ្ឍសម្ភារវេចខ្ចប់ ដោយផ្អែកលើគោលការណ៍ សេដ្ឋកិច្ចវិលជុំ (Circular Economy) ។ ឧទាហរណ៍មួយ គឺផលិតផល R-1 ដែលជាសម្ភារវេចខ្ចប់ យឺតអាចបត់បាន ដែលមានច្រើនស្រទាប់ និងផ្ដល់នូវគុណភាពជាប់ធន់បានយូរ ការការពារគុណភាព របស់របរដែលផ្ទុក និងការអាចច្នៃប្រើប្រាស់ឡើងវិញបាន៕

To Top