បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានអនុញ្ញាតិឱ្យនាំចូល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Oxford / AstraZeneca Covid-19 ចំនួន ២០៤.០០០ ដូស ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូរ៉ូណា។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាកញ្ចប់ដំបូងក្នុងចំណោមវ៉ាក់សាំងចំនួន ៣០លានដូស ដែលប្រទេសវៀតណាម ធ្លាប់បានបញ្ជាឱ្យទិញ។ វ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអង់គ្លេស – ស៊ុយអែត AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford។
រដ្ឋបាលឱសថវៀតណាម នៃក្រសួងសុខាភិបាល កាលពីថ្ងៃពុធ បានអនុញ្ញាតឱ្យក្រុមហ៊ុន AstraZeneca Vietnam Limited បាននាំចូលនូវថ្នាំដែល ស្ថិតក្នុងកាលៈទេសៈបន្ទាន់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ដែលកាន់តែស្មុគស្មាញ នៅក្នុងប្រទេសវៀតណាម៕
ប្រែសម្រួលៈ ណៃ តុលា