ព័ត៌មានអន្តរជាតិ

កាណាដា និងអង់គ្លេសដាក់ទណ្ឌកម្ម ថ្នាក់ដឹកនាំយោធាមីយ៉ានម៉ាវិញ រឿងរដ្ឋប្រហារ

បរទេស៖ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសកាណាដានិងអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មប្រឆាំង មន្ត្រីយោធារបស់ប្រទេសមីយ៉ានម៉ា ពីបទដណ្ដើមអំណាច រដ្ឋាភិបាលក្នុងប្រទេសនេះ ក្នុងរដ្ឋប្រហារមួយ ដែលធ្វើឡើងកាលពីដើមខែនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកាណាដានិងអង់គ្លេសបាននិយាយថា ពួកគេបានធ្វើការងារជាបន្តបន្ទាប់ ដាក់ទណ្ឌកម្មប្រឆាំងថ្នាក់ដឹកនាំ យោធាមីយ៉ានម៉ា ដើម្បីផ្ញើសារមួយថា មានផលវិបាកសម្រាប់ការបំពានសិទ្ធិមនុស្ស និងពីបទបដិសេធសិទ្ធិលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនមីយ៉ានម៉ា។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ក្នុង សេចក្តីថ្លែងការណ៍មួយដូច្នេះថា “យើងរួមជាមួយសម្ពន្ធមិត្តអន្តរជាតិរបស់យើង នឹងឲ្យយោធាមីយ៉ានម៉ាទទួលខុសត្រូវ ចំពោះការបំពានសិទ្ធិមនុស្ស និងផ្តល់យុត្តិធម៌ឲ្យប្រជាជនមីយ៉ានម៉ាវិញ”។

ចំណែកប្រទេសកាណាដា បាននិយាយថា ខ្លួនបានចុះបញ្ជីខ្មៅមន្ត្រី៩រូប ដោយបង្កកទ្រព្យសម្បត្តិ នៅកាណាដារបស់ពួកគេ និងហាមឃាត់ប្រជាជនខ្លួន មិនឲ្យធ្វើពាណិជ្ជកម្មជាមួយពួកគេផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top