ព័ត៌មានអន្តរជាតិ

ហ៊្សកដានី ចុះកិច្ចព្រមព្រៀង ការពារជាតិថ្មី ដោយអនុញ្ញាត ឱ្យកងទ័ពអាមេរិក ចេញចូលប្រទេសដោយសេរី

បរទេស ៖ សារព័ត៌មាន Al-Arabiya បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រទេសហ្ស៊កដានី បានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាត ឱ្យមានការចូលដោយសេរីនូវកងទ័ព យន្តហោះ និងយានយន្តរបស់អាមេរិក ចូលទៅក្នុងព្រះរាជាណាចក្រមួយនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ ដែលបានចុះផ្សាយថ្មីៗនេះ គឺនឹងអនុញ្ញាតឱ្យកងកម្លាំង សហរដ្ឋអាមេរិក យន្តហោះ និងនាវារបស់អាមេរិក ចូលនិងចេញពីទឹកដីហ្ស៊កដានី ដោយសេរី។

ជាពិសេស លក្ខខណ្ឌ នៃ កិច្ចព្រមព្រៀង ត្រូវបានគេរាយការណ៍ថា « កងកំលាំងសហរដ្ឋអាមេរិក អាចមានអាវុធ និងធ្វើចរាចរជាមួយពួកគេនៅលើទឹកដី ហ្ស៊កដានីបាន ខណៈពេលកំពុងបំពេញភារកិច្ច» ។ កិច្ចព្រមព្រៀងការពារជាតិថ្មី នេះ ក៏អនុញ្ញាតឱ្យបុគ្គលិកយោធា អាមេរិចដឹកជញ្ជូននិងស្តុកសម្ភារៈ នៅលើទឹកដី នៃព្រះរាជាណាចក្រនេះផងដែរ ។

រដ្ឋមន្រ្តីក្រសួងការបរទេស Ayman Safadi របស់ហ៊្សកដានី ត្រូវបាន កាសែត The Jordan Times ដកស្រង់សំដីថា កិច្ចព្រមព្រៀងចុងក្រោយជាមួយក្រុង វ៉ាស៊ីនតោន មិនបានធ្វើឱ្យប៉ះពាល់ ដល់អធិបតេយ្យភាព របស់ហ្សកដានីទេ ប៉ុន្តែវាជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកយោធានិងសន្តិសុខ ដែលមានរយៈពេលរាប់ទសវត្ស ជាមួយសហរដ្ឋអាមេរិក ។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះមិនអនុញ្ញាត ឱ្យកងកម្លាំងបរទេសធ្វើ បេសកកម្ម ប្រយុទ្ធនៅលើទឹកដី នៃព្រះរាជាណាចក្រនោះទេ ប៉ុន្តែផ្តោតតែទៅលើការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនៅក្នុង តំបន់ប៉ុណ្ណោះ។

លោក Safadi ក៏បាននិយាយផងដែរ ថា ព្រះរាជាណាចក្រ ទទួលបានជំនួយយោធាចំនួន ៤២៥ លានដុល្លារពីសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top