ព័ត៌មានអន្តរជាតិ

Breaking News: មន្រ្តីជាន់ខ្ពស់អាមេរិកថា កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង២គ្រាប់ថែមទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍

CNN៖ មន្ត្រីជាន់ខ្ពស់អាមេរិកប្រាប់ CNN ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គេនៅមិនទាន់ដឹងថា មីស៊ីលទាំងនោះជាប្រភេទមីស៊ីល រយៈចម្ងាយខ្លី មធ្យម ឬ រយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ទេ។ សហគមន៍យោធានិង ស៊ើបការណ៍អាមេរិក នៅតែកំពុងវិភាគទិន្នន័យ ពីការបាញ់សាកល្បងដើម្បីកំណត់ ថាតើមីស៊ីលប្រភេទណាត្រូវ បានបាញ់និងមានចម្ងាយប៉ុន្មាន ។

សហរដ្ឋអាមេរិកតាមដាន រាល់ការសាកល្បងអាវុធ របស់កូរ៉េខាងជើងតាមរយៈរ៉ាដានិងផ្កាយរណប ដែលអាចរកឃើញសញ្ញាកម្តៅ នៃការបាញ់មីស៊ីល ស្ទើរតែភ្លាមៗបាន។

សូមជម្រាបថា នៅព្រឹកថ្ងៃនេះអគ្គសេនាធិការ ចម្រុះកូរ៉េខាងត្បូង បានប្រាប់អ្នកយកព័ត៌មានថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលមិនស្គាល់ អត្តសញ្ញាណឆ្ពោះទៅសមុទ្ររវាងឧបទ្វីបកូរ៉េនិងជប៉ុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top