ព័ត៌មានអន្តរជាតិ

លោក Pompeo ច្រានចោលកិច្ចប្រឹងប្រែងអាមេរិក ក្នុងការប្រកាស អំពើប្រល័យពូជសាសន៍ នៅមីយ៉ានម៉ាមុនធ្វើរដ្ឋប្រហារ

បរទេស៖ នៅក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ នៃរដ្ឋបាលលោក ត្រាំ មន្ត្រីសហរដ្ឋអាមេរិកខ្លះ បានជំរុញឲ្យអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo ធ្វើសេចក្តីប្រកាសជាផ្លូវការថា យុទ្ធនាការយោធាមីយ៉ានម៉ា ប្រឆាំងជនជាតិភាគតិច រ៉ូហ៊ីងយ៉ា គឺជាអំពើប្រល័យពូជសាសន៍។

មន្ត្រីទាំងនោះសង្ឃឹមថា ការប្តេជ្ញាចិត្តបែបនេះ ដែលជាកម្រិតខ្ពស់បំផុត នៃការស៊ើបអង្កេត និងការវិភាគផ្លូវច្បាប់ជាច្រើនឆ្នាំ របស់ក្រសួងការបរទេសនោះ នឹងបញ្ជូននូវសញ្ញាមួយថា ឧត្តមសេនីយ៍នានា នឹងមិនគេចរួចពីទោស សម្រាប់ការធ្វើទុក្ខបុកម្នេញ ចំពោះពួកមូស្លីម ចាប់តាំងពីឆ្នាំ២០១៧មក។

តាមសេចក្តីរាយការណ៍ លោក Mike Pompeo មិនដែលបានបង្កើតសំណើបែបនោះទេ ហើយក្នុងរយៈពេលតិចជាង២សប្ដាហ៍ ក្រោយលោកចាកចេញពីតំណែង នៅថ្ងៃទី២០ ខែមករា ឧត្តមសេនីយ៍នានា នៃប្រទេសមីយ៉ានម៉ា ធ្វើរដ្ឋប្រហារដណ្ដើមអំណាច។

គួរបញ្ជាក់ថា មន្ត្រីនានាបាននិយាយថា សមត្ថភាពទីក្រុងវ៉ាស៊ីនតោន ក្នុងការមានឥទ្ធិពល លើព្រឹត្តិការណ៍នៅមីយ៉ានម៉ា គឺមានដែនកំណត់ ហើយគោលនយោបាយសហរដ្ឋអាមេរិក មិនមែនជាកត្តាតែមួយគត់ ដែលជះឥទ្ធិពល ដល់ការសម្រេចចិត្តយោធា ធ្វើការដណ្ដើមអំណាចនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top