តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា លោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការខិតខំប្រឹងប្រែងដឹកនាំពិភពលោកដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មេដឹកនាំទាំងពីរគ្រោងនឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៦ ខែមេសា ស្របពេលដែលសេតវិមានបានឲ្យដឹងកាលពីខែមុនថា លោក បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន ៤០រូបឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុជាក់ស្តែង ដែលលោកនឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ និង ២៣ ខែមេសា។
លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាក្នុងការបំភាយកាបូនរបស់ជប៉ុន មានអព្យាក្រឹតនៅឆ្នាំ២០៥០ ដោយលោកបានប្រាប់កម្មវិធីទូរទស្សន៍មួយថា “ខ្ញុំចង់ដឹកនាំរួមគ្នា (ការខិតខំបែបនេះជាមួយសហរដ្ឋអាមេរិក)” ។
លោកក៏បានឲ្យដឹងផងដែរថា លោកសង្ឃឹមថា នឹងបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយលោក បៃដិន ថាប្រទេសរបស់ពួកគេនឹងសហការគ្នាក្នុងការដោះស្រាយការចាប់ពង្រត់ពលរដ្ឋជប៉ុន ពីអតីតកាលដោយប្រទេសកូរ៉េខាងជើង។
លោកបានបន្ដថា “ការចាប់ពង្រត់ គឺជាបញ្ហាសំខាន់បំផុត សម្រាប់រដ្ឋបាលរបស់ខ្ញុំ ខ្ញុំចង់ឲ្យ ប្រធានាធិបតីយល់ពីវា ដូច្នេះជប៉ុន និងសហរដ្ឋអាមេរិក អាចសហការគ្នាបានរឹងមាំ”។
កិច្ចប្រជុំកំពូលទ្វេភាគីនេះកើតឡើងនៅពេលដែលរដ្ឋបាលលោក បៃដិន បង្កើនការរិះគន់ចំពោះការប្រព្រឹត្តរបស់ចិន ចំពោះជនជាតិភាគតិចអ៊ុយហ្គ័រនៅតំបន់ស៊ីនជាំង និងសកម្មភាពទាក់ទងនឹងហុងកុង និងតៃវ៉ាន់។
លោកនាយករដ្ឋមន្រ្តីបានអះអាងថា ការរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង និងហុងកុង ត្រូវតែត្រូវបានដោះស្រាយដោយផ្អែកលើតម្លៃជាសកលសេរីភាព និងច្បាប់សិទ្ធិមនុស្សជាមូលដ្ឋាន។
ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ លោកបានលើកឡើងថា “វាសំខាន់ណាស់ ដែលជប៉ុន និងសហរដ្ឋអាមេរិកទន្ទឹមនឹងរក្សាបាននូវការរាំងស្ទះសហការ និងបង្កើតបរិយាកាស ដែលតៃវ៉ាន់ និងចិន អាចដោះស្រាយបញ្ហាបានដោយសន្តិវិធី”៕
ដោយ ឈូក បូរ៉ា