ណូវែលសេឡង់ ៖ នាយករដ្ឋមន្រ្តីណូវែលហ្សេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃសៅរ៍បានផ្ញើសារ ចូលរួមរំលែកទុក្ខដល់ ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II និងព្រះរាជវង្សានុវង្សជុំវិញ ការសោយទិវង្គត របស់ព្រះអង្គម្ចាស់ហ្វីលីព។
លោកស្រី Ardern បានលើកឡើងថា“ យើង គឺជាមួយព្រះករុណាជាម្ចាស់ក្សត្រី ក្នុងពេលដ៏សែនក្រៀមក្រំបំផុតនេះ ។ ក្នុងនាមប្រជាជន និងរដ្ឋាភិបាល ណូវែលសេឡង់ ខ្ញុំសូមសម្តែងនូវការចូលរួមរំលែកទុក្ខ ដ៏ស្មោះស្ម័គ្រ ចំពោះព្រះករុណា និង ព្រះមហាក្សត្រ”។
លោកស្រីបន្ដថា “ព្រះអង្គម្ចាស់ហ្វីលីព នឹងត្រូវបានគេចងចាំ ដោយក្តីរីករាយ ចំពោះការលើកទឹកចិត្ត ដែលទ្រង់បានផ្តល់ដល់យុវជន ណូវែលសេឡង់ ជាច្រើនតាមរយៈកម្មវិធី Duke of Edinburgh’s Hillary Award ក្នុងរយៈពេលជាង ៥០ឆ្នាំ នៃពានរង្វាន់នៅក្នុងប្រទេសណូវែលសេឡង់ យុវជនរាប់ពាន់នាក់ បានបញ្ចប់បញ្ហាប្រឈម ក្នុងការផ្លាស់ប្តូរជីវិត តាមរយៈកម្មវិធីនេះ”។
យោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលណូវែលសេឡង់ បានឲ្យដឹងថា ព្រះអង្គម្ចាស់ហ្វីលីព ដែលជាស្វាមីរបស់មហាក្សត្រីយានី Elizabeth II ដែលត្រូវបានគេស្គាល់ថា ជាអ្នកឧកញ៉ាអេឌិនបឺក បានអមដំណើរព្រះមហាក្សត្រិយានី ក្នុងដំណើរទស្សនកិច្ច ១០ លើកទៅកាន់ប្រទេស នូវែលសេឡង់៕
ដោយ ឈូក បូរ៉ា