បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន ជប៉ុន មួយ បានឲ្យដឹងថា ប្រទេសជប៉ុន នឹងកសាងបណ្ដាញសន្តិសុខ សេដ្ឋកិច្ច ដែលអាចទប់ស្កាត់មិនឲ្យបែកធ្លាយបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញាជប៉ុន ដែលផ្តល់ផលប្រយោជន៍ ឲ្យចិន។

ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍ នេះថា រដ្ឋាភិបាលជប៉ុន កំពុងតែពិភាក្សាគ្នា អំពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ចនិងសមាគម ឧស្សាហកម្មធំៗ ដែលរួមមានទាំងសហព័ន្ធពាណិជ្ជកម្មជប៉ុន Keidanren ដែលជាក្រុមមួយមានក្រុមហ៊ុន ជាង១.៣០០ជាសមាជិក។
សេចក្តីរាយការណ៍នោះ បាននិយាយថា ទីក្រុងតូក្យូកំពុងតែបង្កើតយុទ្ធសាស្ត្រមួយ ដើម្បីទប់ទល់ការគម្រាមកំហែង ពីប្រទេសចិន ព្រោះតែព្រឹត្តិការណ៍ថ្មីៗនេះ។ ប្រទេសចិន នាពេលថ្មីៗនេះ បានជះឥទ្ធិពលលើគោលនយោបាយបរទេស និងសកម្មភាពសពាណិជ្ជកម្ម នៅក្នុងចំណោមដៃគូពាណិជ្ជកម្មនានា ដោយប្រើប្រាស់មធ្យោបាយ សេដ្ឋកិច្ច ហើយយុទ្ធសាស្ត្ររបស់ជប៉ុន គឺមានគោលដៅបង្កើតសង្វាក់ផ្គត់ផ្គង់ ដែលមិនពឹងផ្អែកទាំងស្រុងលើប្រទេសចិន។
កាសែត Nikkei បាននិយាយយ៉ាងដូច្នេះថា “នេះគឺជាមូលហេតុ ដែលរដ្ឋាភិបាលជប៉ុន មានបំណងបង្កើតអង្គការសាធារណៈនិងឯកជនរួមមួយ ដើម្បីដោះស្រាយជាមួយបញ្ហាសន្តិសុខសេដ្ឋកិច្ច”៕
ប្រែសម្រួល៖ប៉ាង កុង
