ព័ត៌មានអន្តរជាតិ

វិភាគ: ឧក្រិដ្ឋកម្មស្អប់ ជនជាតិអាស៊ីនៅអាមេរិក កើនឡើង១៦៤% នៅត្រីមាសទី១ឆ្នាំ២០២០១នេះ

បច្ចុប្បន្នភាព

​មជ្ឈមណ្ឌលសិក្សាការស្អប់ខ្ពើម និងគំនិតជ្រុលនិយមនៅសកលវិទ្យាល័យក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក (Center for the study of Hate & Extremism at California State University) បានបង្ហាញថា អំពើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមជនជាតិអាស៊ីក្នុងប្រទេសមហាអំណាចមួយនេះ បានកើនឡើង១៦៤%នៅត្រីមាសទី១នៃឆ្នាំ២០២១នេះ ។

មជ្ឈមណ្ឌលនេះ បានចេញផ្សាយទិន្នន័យវិភាគរបស់ប៉ូលីស ដែលបានបង្ហាញថា ក្នុងទីក្រុងធំៗចំនួន១៦ទីក្រុងរបស់សហរដ្ឋអាមេរិក មានអំពើឧក្រិដ្ឋកម្មប្រឆាំងជនជាតិអាស៊ីកើនឡើងខ្ពស់នៅត្រីមាសទី១នៃឆ្នាំ២០២១នេះរហូតដល់៩៥ករណី បើប្រៀបធៀនឹង៣៦ករណី កាលពីឆ្នាំ២០២០កន្លងទៅ និងកំពុងរាលដាលទៅកាន់ទីក្រុងកាន់តែច្រើន ។​

រដ្ឋញូវយ៉ក គឺជាទីតាំងមានកំណើនអំពើឧក្រិដ្ឋកម្មស្អប់ខ្ពើមជនជាតិអាស៊ីខ្ពស់ជាងគេក្នុងចំណោមទីក្រុងធំៗផ្សេងទៀត ដែលទីក្រុងនេះមានកំណើនឧក្រិដ្ឋកម្មស្អប់ខ្ពើមជនជាតិអាស៊ីរហូតដល់៤២ករណី ស្មើនឹង២២៣%នៅត្រីមាសទី១នៃឆ្នាំ២០២១នេះ បើប្រៀបធៀបនឹង១៣ករណីកាលពីឆ្នាំ២០២០កន្លងទៅ ។

ក្នុងត្រីមាសទី១នៃឆ្នាំ២០២១ដដែលនេះ អំពើឧក្រិដ្ឋកម្មប្រឆាំងជនជាតិអាស៊ី បានកើនឡើងពី៥ទៅ១៥ករណីនៅ រដ្ឋសាន ហ្វ្រាន់ស៊ីស្កូ ស្មើនឹង១៤០% , នៅរដ្ឋ ឡូស អាន់ជែឡេស អំពើឧក្រិដ្ឋកម្ម បានកើនឡើង៨០% និងនៅរដ្ឋបូស្តុន អំពើឧក្រិដ្ឋកម្មដែលកើតចេញពីការស្អប់ខ្ពើមជនជាតិអាស៊ី បានកើនឡើង៦០% ដែលជាកំណើនខ្ពស់ ។

Center for the study of Hate & Extremism បានបញ្ជាក់ថា រដ្ឋក្រៅពីនេះនៅទូទាំងសហរដ្ឋអាមេរិក ក៏មានកំណើននៃអំពើឧក្រិដ្ឋកម្មប្រឆាំងជនជាតិអាស៊ីដែរ ហើយអំពើហិង្សានោះ បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០កន្លងទៅរហូតដល់ពេលបច្ចុប្បន្ននេះ ប៉ុន្តែក្រុមអាជ្ញាធរក្នុងរដ្ឋទាំងនោះ មិនបានរាយការណ៍លំអិតអំពីអំពើហិង្សានេះទេ ដោយតែបញ្ជាក់ថា ជាអំពើហិង្សាធម្មតាប៉ុណ្ណោះ ។

លោកស្រី Anne A Cheng អ្នកជំនាញផ្នែកជាតិសាសន៍និយម និងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Princeton University បាននិយាយថា អំពើឧក្រិដ្ឋកម្មប្រឆាំងជនជាតិអាស៊ី ឬប្រឆាំងជនជាតិអាមេរិកដើមកំណើតអាស៊ី គឺជាដំបៅចាស់របស់សហរដ្ឋអាមេរិក ដែលពិបាកនឹងព្យាលបំផុត ខណៈដែលជំងឺនេះមិនទាន់ជាសះស្បើយនៅឡើយ ។

 លោកស្រី Anne A Cheng បានបន្ថែមថា ការគំរាមកំហែងដោយអាវុធ ដោយពាក្យសម្តី ដោយកាយវិការ និងដោយការរើសអើងក្នុងសង្គម គឺជាបច្ច័យអាក្រក់ដែលឈានដល់អំពើហិង្សា ហើយការរើសអើងជាតិសាសន៍នៅអាមេរិក មិនត្រឹមតែកើតមានលើបុគ្គលិកអាស៊ីទេ គឺកើតឡើងជាសហគមន៍ថែមទៀតនៅតាមស្ថាប័ននានា ។

ជាការកត់សម្គាល់ នៅតាមស្ថាប័នការងាររដ្ឋ និងឯកជនភាគច្រើន ជនជាតិអាស៊ី និងជនជាតិអាមេរិកដើមកំណើតអាស៊ី ត្រូវបានប្រមាថមើលងាយ និងមានការរើសអើងយ៉ាងខ្លាំងនៅលើទឹកដីអាមេរិក ទាំងការរើសអើងដោយពាក្យសម្តី កាយវិការ និងការអោយតម្លៃការងារមិនស្មើនឹងជនជាតិអាមេរិកផ្សេងទៀត ។

នៅតាមសាលារៀននានា នៅទូទាំងសហរដ្ឋអាមេរិក ចាប់តាំងពីបឋមរហូតដល់ឧត្តមសិក្សា គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលាហាក់ដូចជាយកចិត្តទុកដាក់តិចតួចលើការមើលខុសត្រូវលើសិស្សានុសិស្សដែលជាជនជាតិអាស៊ី ឬជនជាតិអាមេរិកដើមកំណើតអាស៊ី ដោយគ្រាន់តែបំពេញតួនាទីក្នុងការងារប្រចាំថ្ងៃតែប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យនានានៅទូទាំងសហរដ្ឋអាមេរិក គេសង្កេតឃើញគ្រូពេទ្យជនជាតិអាមេរិក ជាពិសេសគ្រូពេទ្យជាជនជាតិអាមេរិកស្បែកស មានការរើសអើងយ៉ាងខ្លាំងលើអ្នកជំងឺដែលជាជនជាតិអាស៊ី ឬជនជាតិអាមេរិកដើមកំណើតអាស៊ី រួមទាំងជនជាតិអាមេរិកស្បែកខ្មៅថែមទៀតនៅក្នុងមន្ទីរពេទ្យ ។

ខណៈដែលវីរុសCovid-19បានផ្ទុះឡើង អ្នកជំងឺ Covid-19ជនជាតិអាស៊ីភាគច្រើន មិនទទួលបានការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយពីសំណាក់គ្រូពេទ្យជាជនជាតិអាមេរិកស្បែកសនោះទេ ដែលបណ្តាលអោយអ្នជំងឺជនជាតិអាស៊ីបានបាត់បង់ជីវិតយ៉ាងច្រើន ។

ដើមចមនាំអោយកើតរឿង

លោក Brian Levin សាស្ត្រាចារ្យនៅសកលវិទ្យាល័យក្នុងរដ្ឋកាលីហ្វ័រនីញ៉ា និងជាអ្នកចូលរួមក្នុងការសិក្សាពីការស្អប់ខ្ពើម និងគំនិតជ្រុលនិយម បានិយាយថា ដើមចមដែលនាំអោយមានកំណើនឧក្រិដ្ឋកម្មប្រឆាំងជនជាតិអាស៊ី មានកត្តារួមផ្សំសំខាន់៣យ៉ាង ។

កត្តាទី១អំនួតនិយម គឺសំដៅលើជនជាតិអាមេរិកស្បែកស ដែលមានអំនួតក្អេកក្អាង និងមើលស្រាលជនជាតិអាមេរិកស្បែកខ្មៅ ក៏ដូចជាមើលស្រាលលើជនជាតិអាស៊ី ឬជនជាតិអាមេរិកដើមកំណើតអាស៊ី ថាជាប្រភេទមនុស្សអន់ជាងខ្លួន ។

ក្រុមជនជាតិ​​អាមេរិក ស្បេកស ជ្រុលនិយម តែងតែយល់ថា សហរដ្ឋអាមេរិកដែលបានក្លាយជាប្រទេសមហាអំណាចរហូតបច្ចុប្បន្ននេះ គឺដោយសារតែភាពក្លាយហាន និងប្រាជ្ញាឈ្លាសវៃរបស់ជនជាតិអាមេរិកស្បែកសប៉ុណ្ណោះ ។

កត្តាទី២អនុត្តរភាព គឺជាការបង្ហាញអោយឃើញពីភាពខ្លាំង ដែលហ៊ានប្រព្រឹត្តអំពើឃោរឃៅមិនញញើតដៃ និងប្រឆាំងដាច់ខាតចំពោះជនជាតិណាមួយដែលយល់ថាមិនបានផ្តល់ផលប្រយោជន៍ ឬមិនខ្លាចរអារចំពោះខ្លួននោះ ។

កត្តាទី៣និន្ទា គឺជនជាតិអាមេរិកស្បែកស ចាប់ផ្តើមច្រណែននិន្ទាជនជាតិអាស៊ី ដែលមានកំណើនសេដ្ឋកិច្ចខ្លាំង និងមានបច្ចេកវិទ្យាជឿនលឿនក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ជាពិសេសគឺជនជាតិចិន ដែលលេខមុខកាន់តែខ្លាំងលើឆាកអន្តរជាតិ ។

   លោក Brian Levin បានបញ្ជាក់ថា កត្តាទាំង៣ខាងលើ រួមផ្សំនឹងមានការគាំទ្រពីមេដឹកនាំកំពូលផង ទើបបង្កើតអោយមានទស្សនៈជ្រុលនិយមផុសផុលឡើងកាន់តែខ្លាំងនៅលើទឹកដីអាមេរិក រហូតរុញច្រានអោយអំពើឧក្រិដ្ឋកម្មប្រឆាំងជនជាតិអាស៊ីកើនឡើង ។

ការឆ្លងរាលដាលវីរុសCovid-19នៅលើពិភពលោក និងនៅសហរដ្ឋអាមេរិក គឺជាកត្តាចុងក្រោយ ដែលនាំអោយជនជាតិអាមេរិកស្អប់ខ្ពើមជនជាតិអាស៊ីកាន់តែខ្លាំង ដោយសារទាំងមេដឹកនាំ និងពលរដ្ឋអាមេរិកយល់ថា Covid-19 គឺជាវីរុសឆ្លងដែលប្រទេសចិនជាអ្នកបង្កើតឡើង ក្នុងគោលដៅបំផ្លិចបំផ្លាញសេដ្ឋកិច្ចអាមេរិក និងពិភពលោក ៕

ដោយ៖អ៊ី ជិន

To Top