ព័ត៌មានអន្តរជាតិ

លោក បៃដិន សង្ឃឹមជួបលោក ពូទីន ក្នុងអំឡុង ដំណើរទស្សនកិច្ច ទៅអឺរ៉ុប

បរទេស៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បានមានប្រសាសន៍ នៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកចង់ប្រារព្ធធ្វើ ជំនួបកំពូលមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់អឺរ៉ុប របស់លោក ក្នុងខែមិថុនា។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Euractiv ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយថ្លែងសុន្ទរកថា ស្តីពីការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះមេរោគកូរ៉ូណា លោក បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “នោះគឺជាការសង្ឃឹម និងក្តីរំពឹងរបស់ខ្ញុំ ហើយយើងកំពុងតែ ធ្វើការលើរឿងនេះ”។

គួរបញ្ជាក់ថា លោកប្រធានាធិបតី អាមេរិក ចូ បៃដិន គ្រោងចូលរួម ក្នុងកិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុង Cornwall ប្រទេសអង់គ្លេស ដែលកំណត់ធ្វើឡើង នៅថ្ងៃទី១១ដល់ទី១៣ ខែមិថុនា ហើយបន្ទាប់មក ធ្វើដំណើរតាមយន្តហោះ ទៅទីក្រុងព្រួចសែល ដើម្បីជួបថ្នាក់ដឹកនាំ សហភាពអឺរ៉ុប និងចូលរួមក្នុងកិច្ចប្រជុំកំពូល ណាតូ នាថ្ងៃទី១៤ ខែមិថុនា។

នាពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ មន្ត្រីសហរដ្ឋអាមេរិក កំពុងតែធ្វើការងារ ជាមួយសមភាគីរុស្ស៊ី ស្តីពីការបង្កើតជំនួបកំពូល មួយរវាងលោក បៃដិន និងលោក ពូទីន នៅក្នុងប្រទេសទី៣ នៅក្នុងអំឡុងអ្វី ដែលនឹងជាដំណើរទស្សនកិច្ច បរទេសដំបូង របស់លោក បៃដិន ក្នុងនាមជាប្រធានាធិបតី៕

ប្រែសម្រួល៖ប៉ាង កុង

To Top