ព័ត៌មានអន្តរជាតិ

រុស្ស៊ី ត្រៀមខ្លួនជួយសម្រួល ដល់ការសន្ទនា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងកាលពីថ្ងៃពុធថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រួលដល់ការសន្ទនាដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Lavrov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីប៉ាឡេស្ទីនលោក រីយ៉ាដ អាល់ម៉ាលីគី នៅឯសន្និសីទកាសែតមួយថា “យើងនឹងធ្វើកិច្ចការនេះតាមរយៈកិច្ចប្រឹងប្រែងទ្វេភាគី និងក្នុងនាមជាសមាជិកនៃអ្នកសម្រុះសម្រួលអន្តរជាតិមជ្ឈិមបូព៌ា” ។

លោក Lavrov បានលើកឡើងថា កិច្ចពិភាក្សាដោយផ្ទាល់នឹងត្រូវបានធ្វើឡើង ដើម្បីដោះស្រាយរាល់បញ្ហាអចិន្រ្តៃយ៍ទាំងអស់ ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ សម្រាប់ការដកថយដែលនឹងជាផលប្រយោជន៍របស់ភាគីទាំងពីរ។

រដ្ឋមន្ត្រីប៉ាឡេស្ទីនបានសម្តែងក្តីសង្ឃឹមថា តួនាទីរបស់មជ្ឈិមបូព៌ា Quartet នឹងត្រូវបានពង្រឹងជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ។

លោកអាល់ម៉ាលីគី បានលើកឡើងថា“ ឥឡូវនេះស្ថានភាពបានផ្លាស់ប្តូរហើយ។ រដ្ឋបាលថ្មីបានឡើងកាន់អំណាច ដែលដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា”៕

ដោយ ឈូក បូរ៉ា

To Top