ព័ត៌មានអន្តរជាតិ

មន្ត្រីការអាមេរិក៖ ការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ទាំងស្រុង អាចកើតមាននៅពាក់កណ្ដាល ខែមិថុនា

បរទេស៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ អាចនឹងវិលត្រឡប់ចូលអនុវត្តតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែសម័យលោក អូប៉ាម៉ាវិញ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត ប៉ុន្តែការសម្រេចចិត្តធ្វើដូច្នោះ គឺអាស្រ័យលើទីក្រុងតេអេរ៉ង់។

នៅមុនកិច្ចពិភាក្សាគ្នាដោយ ប្រយោលជុំទី៤រវាងភាគីទាំងពីរ នៅក្នុងទីក្រុងវីយែន មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនប្រាប់ឈ្មោះថា កិច្ចពិភាក្សា៣ជុំកន្លងទៅ បានជួយធ្វើឲ្យឃើញកាន់តែច្បាស់ នូវអ្វីដែលប្រទេសទាំងពីរចាំបាច់ត្រូវតែធ្វើ ដើម្បីវិលត្រឡប់អនុវត្តតាមកិច្ចព្រមព្រៀង Joint Comprehensive Plan of Action ដែលជាកិច្ចព្រមព្រៀងពហុជាតិឆ្នាំ២០១៥មួយ មានគោលដៅទប់ស្កាត់អ៊ីរ៉ង់មិនឲ្យសម្រេចបានអាវុធនុយក្លេអ៊ែ។

មន្ត្រីរូបនោះបានថ្លែងប្រាប់ថា បញ្ហាគឺកាន់តែច្បាស់ឡើង ស្របពេលដែលពួកគេត្រូវបានសរសេរក្នុងកិច្ចព្រមព្រៀង ដែលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាម បានដកសហរដ្ឋអាមេរិកចេញ នៅក្នុងឆ្នាំ២០១៨។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នៅពេលត្រូវគេសួរថា កិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបាន នៅមុនពេលការបោះឆ្នោតជ្រើសប្រធានាធិបតីអ៊ីរ៉ង់ នាថ្ងៃទី១៨ ខែមិថុនាដែរឬទេនោះ មន្ត្រីជាន់ខ្ពស់អាមេរិក បានមានប្រសាសន៍ដូច្នេះថា ពិតជាអាច ប៉ុន្តែនោះគឺត្រូវពឹងផ្អែកលើប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top