បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac របស់ចិន និងរូបមន្តដោយ AstraZeneca ទាំងពីរ ត្រូវបានគេរកឃើញថា ជួយបង្កើនការឆ្លើយតបរបស់ អង្គបដិប្រាណចំពោះ អ្នកទទួលវ៉ាក់សាំងស្ទើរតែទាំងអស់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា នេះគឺជាលទ្ធផលនៃការសិក្សាទៅក្នុងកម្មវិធីចាក់វ៉ាក់សាំង ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលឧត្តមភាពផ្នែកវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យ វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន។
លោកសាស្រ្តាចារ្យ Sirirerk Songwilai លេខាធិការអចិន្រៃ្តយ៍នៃការស្រាវជ្រាវវិទ្យាសាស្ត្រឧត្តមសិក្សា និងច្នៃប្រឌិត បាននិយាយថារហូតដល់ ៩៧,២៦% នៃប្រជាជនដែលទទួលបានវ៉ាក់សាំង AstraZeneca ត្រូវបានគេរកឃើញថា មានការវិវត្តនៃភាពស៊ាំក្នុងការធ្វើតេស្តដែលបានធ្វើឡើង ៤ សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូង។
លោកបន្ថែមថា ចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង Sinovac ការស្រាវជ្រាវបានរកឃើញថា ៩៩,៤៩% នៃអ្នកទទួលបានបង្កើតការឆ្លើយតបនៃអង្គបដិប្រាណ ៤ សប្តាហ៍បន្ទាប់ពីការចាក់លើកទី ២ , និងប្រសិទ្ធភាព ៦៥,៩% បានវិវត្តទៅជាប្រព័ន្ធភាពស៊ាំ ៣ សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូង៕ប្រែសម្រួលៈ ណៃ តុលា