ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន និងសមាជិកសភា អាមេរិក ច្រើនរូប ជួបពិភាក្សាគ្នា លើបញ្ហា ក្នុងតំបន់ Donbass

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyបានបើកកិច្ចពិភាក្សគ្នា ជាមួយនឹងគណប្រតិភូ អាមេរិក ដែលជាសមាជិកសភា ជាច្រើនរូប ដែលកំពុងបំពេញទស្សនកិច្ច ក្នុងប្រទេស។

ប្រភពដដែលបានឲ្យដឹង ជំនួបពិភាក្សានេះ បានធ្វើឡើង ដោយមានប្រធានបទ ទៅលើបញ្ហាសន្តិសុខ នៅក្នុងតំបន់ Donbass ដោយក្នុងនោះលោកប្រធានាធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាកិច្ចការងារ ដ៏មានសារៈសំខាន់បំផុត នៅចំពេលដែលស្ថានភាព តានតឹងបែបនេះ ពីព្រោះថាអាមេរិកគឺជាដៃគូជាយុទ្ធសាស្ត្រ ដែលមិនអាចខ្វះបានឡើយ របស់អ៊ុយក្រែន ។

ជាការឆ្លើយតបផងដែរ សមាជិកសភាអាមេរិក ទាំងនោះបាននិយាយថា សហរដ្ឋអាមេរិក កំពុងតែធ្វើការតាមដាន យ៉ាងម៉ត់ចត់បំផុត ចំពោះបញ្ហាសន្តិសុខនៅក្នុងតំបន់ភាគ ខាងកើតនេះ ហើយក៏ នឹងបានត្រៀម ខ្លួនរួចរាល់ដែរ ក្នុងការជួយគាំទ្រអ៊ុយក្រែន ដើម្បីធ្វើយ៉ាងណាបង្កើត សន្តិភាពឲ្យបាននៅក្នុងតំបន់ ជម្លោះមួយនេះ។

គួរឲ្យដឹងដែរថា ទីតាំងនេះគឺជាតំបន់ ដែលមានជម្លោះដោយយោធា ជាយូរមកហើយគិតចាប់តាំង តែពីខែមេសាឆ្នាំ២០១៤ ហើយមកដល់បច្ចុប្បន្ន មនុស្សជីវិត ជាង១៤០០០នាក់ មកហើយ ដែលបានបាត់បង់ជីវិត និងប្រមាណជា៤០០០០នាក់ទៀត ទទួលរងរបួស៕

ប្រែសម្រួល៖ស៊ុនលី

To Top