វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានណែនាំព័ត៌មាន លម្អិតនៃផែនការដើម្បីចែកថ្នាំបង្ការជំងឺកូវីដ-១៩ ចំនួន ២៥ លានដូស ដែលមាននៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ផែនការបែងចែកថ្នាំចំនួន ២៥ លានដូសគឺជាផ្នែកមួយនៃក្របខ័ណ្ឌរដ្ឋបាលរបស់ បៃដិន ដើម្បីចែកចាយចំនួន ៨០ លានដូសនៅទូទាំងពិភពលោក នៅចុងខែមិថុនា។
ក្នុងចំណោមថ្នាំបង្កាទាំង ២៥ លានដូស ជិត ១៩ លានត្រូវបានចែកចាយតាមរយៈកម្មវិធី COVAX រួមមានជិត ៦លានដូស សម្រាប់អាមេរិកឡាទីននិងការ៉ាបៀន ប្រហែល ៧ លានសម្រាប់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងប្រមាណ ៥ លានសម្រាប់អាហ្រ្វិក។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ថ្នាំបង្កាដែលនៅសល់ជាង ៦ លានដូស នឹងត្រូវចែកចាយដោយផ្ទាល់ជាមួយបណ្តាប្រទេស និងដៃគូរួមមានកាណាដា ម៉ិចស៊ិកូ ឥណ្ឌា និងកូរ៉េខាងត្បូង។
រដ្ឋបាលរបស់លោក បៃដិន បាននិងកំពុងរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ដើម្បីចែករំលែកស្តុកវ៉ាក់សាំង ដ៏ធំរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក បានរាយការណ៍ត្រឡប់មកវិញកាលពីខែមីនាថា សហរដ្ឋអាមេរិក បានទិញវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងការពារមនុស្សពេញវ័យគ្រប់រូបនៅក្នុងប្រទេសហើយ៕ដោយ ឈូក បូរ៉ា