បរទេស៖ ការសិក្សាថ្មីប៉ាន់ប្រមាណថា អាយុកាលប្រជាជនជាមធ្យម នៅសហរដ្ឋអាមេរិកបានថយចុះជិត ២ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ជាពិសេសដោយសារជំងឺរាតត្បាត ឆ្លងរាលដាលដែលជាការធ្លាក់ចុះធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។
យោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយ នៅក្នុងកាសែតវេជ្ជសាស្ត្រ BMJ នៅសប្តាហ៍នេះ បានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ អាយុកាលជាមធ្យមនៅ សហរដ្ឋអាមេរិកបានថយចុះ ១,៨៧ ឆ្នាំ ពី ៧៩ឆ្នាំ មក ៧៧ ឆ្នាំ។
នោះគឺជាការធ្លាក់ចុះដ៏ធំបំផុតនៃ អាយុកាលប្រជាជននៅ សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៤៣ ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ហើយវាគឺជាការខាតបង់ ដែលបានឃើញជាមធ្យម ៨.៥ ដង បើប្រៀបធៀបទៅនឹងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ១៦ ផ្សេងទៀត។ អាយុកាលមធ្យមគឺជារង្វាស់ស្ថិតិនៃ រយៈពេលមធ្យមដែលទារកបានកើតនៅថ្ងៃនេះ ត្រូវបានគេរំពឹងថានឹងរស់នៅ។
អ្នកនិពន្ធបានសរសេរថា “ការសិក្សានេះបង្ហាញថាគម្លាតនៃ អាយុកាលរស់នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងគួរឱ្យកត់សម្គាល់រវាងឆ្នាំ ២០១៨ និង ២០២០” ។ លក្ខខណ្ឌដែលបង្កើតគុណវិបត្តិ ផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក មុនពេលការមកដល់របស់កូវីដ ១៩ នៅតែមាននៅឡើយ ប៉ុន្តែបុព្វហេតុចំបងសម្រាប់ការ ធ្លាក់ចុះដ៏ធំនេះគឺជំងឺរាតត្បាត COVID-១៩៖ នៅឆ្នាំ ២០២០ មូលហេតុទាំងអស់ដែល អត្រាមរណភាពនៅអាមេរិកកើនឡើង ២៣% ។
ការសិក្សានេះក៏បានរកឃើញនូវ “ភាពខុសគ្នាធំៗ” នៅក្នុងអាយុកាលរស់នៅ ដោយផ្អែកលើពូជសាសន៍ និងជនជាតិ។ ការសិក្សាបានរកឃើញថា ជាមធ្យមចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ការថយចុះអាយុកាលគឺ ៣,២៥ ឆ្នាំសម្រាប់ជនជាតិស្បែកខ្មៅ និង ៣,៨៨ ឆ្នាំសម្រាប់ជនជាតិនិយាយភាសាអេស្ប៉ាញ បើប្រៀបធៀបទៅនឹងជនជាតិស្បែកស ១,៣៦ ឆ្នាំ ៕
ប្រែសម្រួលៈ ណៃ តុលា