ព័ត៌មានអន្តរជាតិ

ក្រោយកងទ័ពប្តឹង, ប៉ូលីសថៃ កំពុងតាមប្រមាញ់ អ្នកផ្សាយពាក្យ ចចាមអារ៉ាម កងទ័ពធ្វើរដ្ឋប្រហារ ទម្លាក់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា

បរទេស ៖ ប៉ូលីសរបស់ថៃ កំពុងតាមប្រមាញ់ អ្នកដែលផ្សព្វផ្សាយពាក្យ ចចាមអារាមថា កងទ័ពបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីកងទ័ព បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងអ្នកប្រើប្រាស់បណ្តាញសង្គម និងបានច្រានចោលថា ជាព័ត៌មានក្លែងក្លាយ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ Santipong Thampiya កាលពីថ្ងៃសៅរ៍ បាននិយាយថា ពាក្យចចាមអារាមធ្វើរដ្ឋប្រហារ នេះមានគោលបំណងញុះញង់ ឱ្យមានភាពចលាចល និងធ្វើឱ្យខូចកិត្តិយសកងទ័ព ។

មេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Narongphan Jitkaewtae បានចាត់តាំងឧត្តមសេនីយ៍ Burin Thongprapai ប្រធានការិយាល័យមេធាវីកងទ័ព ដើម្បីដាក់ពាក្យបណ្ដឹងប្រឆាំង នឹងអ្នកដែលពាក់ព័ន្ធនឹង ការផ្សព្វផ្សាយនេះ ។

លោកឧត្តមសេនីយ៍ Kornchai Klayklueng ស្នងការ នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត បាននិយាយថា កងទ័ពបានដាក់ពាក្យបណ្តឹង នេះទៅ CCIB កាលពីថ្ងៃសុក្រ ៕ប្រែសម្រួលៈ ណៃ តុលា

To Top