ព័ត៌មានអន្តរជាតិ

មេដឹកនាំរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា យល់ព្រមទទួលយក បេក្ខជនថៃ ជាប្រេសិតពិសេស របស់អាស៊ាន

បរទេស៖ មេបញ្ជាការយោធាកំពូលរបស់ប្រទេសមីយ៉ាន់ម៉ា គឺឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលរបស់លោកនឹងទទួលយកការបញ្ជូនបេសកជនពិសេសដែលបានព្រមព្រៀងកាលពីខែមេសាដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីសម្រុះសម្រួលរវាងភាគី និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅក្នុងប្រទេស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Min Aung Hlaing ក៏បាននិយាយផងដែរថា រដ្ឋាភិបាលយោធាបានជ្រើសរើសអតីតអនុរដ្ឋមន្រ្តីការបរទេសលោក Virasakdi Futrakul ដែលត្រូវបានតែងតាំងម្នាក់ក្នុងចំណោម ៣ រូប ឲ្យ ធ្វើជាប្រេសិត។

ការជ្រើសរើសនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅពេលរដ្ឋមន្ត្រីការបរទេសអាស៊ានជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ។

អគ្គមេបញ្ជាការយោធារូបនេះ បានសន្យាថា នឹងរៀបចំ“ ការបោះឆ្នោតសកលពហុបក្ស ដោយសេរីនិងយុត្តិធម៌” នៅខែសីហា ឆ្នាំ ២០២៣ ជាចុងក្រោយ បន្ទាប់ពីស្ថានភាពគ្រាអាសន្នរយៈពេលពីរឆ្នាំបានផុតកំណត់៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top