ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស អាមេរិក ប្រកាសបន្ថែម ពួកសកម្មប្រយុទ្ធឥស្លាមជ្រុលនិយម ៥ក្រុមទៀត ក្នុងបញ្ជីភេរវកម្ម

បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសការដាក់បន្ថែម ពួកសកម្មប្រយុទ្ធ ឥស្លាមជ្រុលនិយម ៥ក្រុមទៀត ទៅក្នុងបញ្ជីភេរវករ សកលពិសេស របស់ខ្លួន ដែលតម្រូវឲ្យបិទ នូវភាពជាម្ចាស់ ឬក៏ផលប្រយោជន៍ ណាមួយ ក្នុងទ្រព្យសម្បត្តិ ដែលពួកគេមាននៅអាមេរិក។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន India Today នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការដាក់បញ្ចូលបន្ថែមនេះ ក៏អាចបង្ហាញឲ្យឃើញ ពីភាពអាចដាក់ទណ្ឌកម្ម លើបុគ្គលឬក៏ស្ថាប័នហិរញ្ញវត្ថុ បរទេស ដែលជាប់ពាក់ព័ន្ធ ក្នុងប្រតិបត្តិការជាក់លាក់ ជាមួយក្រុមទាំង៥នោះ។

នៅក្នុង សេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានមានប្រសាសន៍ថា ការដាក់បន្ថែមនោះ រួមមានទាំងលោក Bonomade Machude Omar ជាមេបញ្ជាការយោធា ជាន់ខ្ពស់ នៃសាខារបស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយម ដោយលោកបានដឹកនាំ ក្រុមជ្រុលនិយមមួយ ដែលបានសម្លាប់មនុស្ស ជាច្រើននាក់ ក្នុងការវាយប្រហារមួយ លើសណ្ឋាគារ Amarula Hotel ក្នុងទីក្រុង Palma កាលពីខែមីនា។

លោករដ្ឋមន្ត្រី ការបរទេសអាមេរិក ក៏បាននិយាយបន្តទៀតថា លោក Sidang Hitta និងលោក Salem Ould al-Hasan ជាមេដឹកនាំជាន់ខ្ពស់នៃក្រុម Jama’at Nusrat al-Islam wal-Muslimin ដែលមានពាក់ព័ន្ធ នឹងពួកអាល់កៃដា មានមូលដ្ឋាន ក្នុងប្រទេសម៉ាលី ក៏ដូចជា លោក Ali Mohamed Rage និងលោក Abdikadir Mohamed Abdikadir ជាមេដឹកនាំនៃក្រុមអាល់ហ្សាបាប ក្នុងប្រទេសសុម៉ាលី ក៏ត្រូវបានបន្ថែមក្នុងបញ្ជីនេះផងដែរ៕

ប្រែសម្រួល៖ប៉ាង កុង

To Top