ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងតែធ្វើការអភិវឌ្ឍ កម្មវិធី នុយក្លេអ៊ែនិងមីស៊ីល នៅក្នុងឆ្នាំ២០២១

បរទេស៖ យោងតាមការដកស្រង់ ចេញពីរបាយការណ៍ សម្ងាត់ អង្គការសហប្រជាជាតិ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មានមួយ នៅថ្ងៃសុក្រ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើប បានបន្តធ្វើការអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោង របស់ខ្លួន នៅក្នុងអំឡុង ឆមាសទីមួយ នៃឆ្នាំ២០២១ ដែលជាការរំលោភ បំពានទណ្ឌកម្មអន្តរជាតិ និងបើទោះជាមានស្ថានភាព សេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ក៏ដោយ។

របាយការណ៍មួយ ចេញដោយក្រុមអ្នកឃ្លាំមើល ទណ្ឌកម្មឯករាជ្យ សម្រាប់គណៈកម្មការទណ្ឌកម្ម កូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ទីក្រុងព្យុងយ៉ាង បានបន្តប្រឹងប្រែង ស្វែងរកវត្ថុធាតុដើម និងបច្ចេកវិទ្យា សម្រាប់កម្មវិធីទាំងនេះ នៅបរទេស។

តាមសេចក្តីរាយការណ៍ អ្នកឃ្លាំមើល ទណ្ឌកម្មទាំងនោះ បានធ្វើការសន្និដ្ឋានយ៉ាងដូច្នេះថា “បើទោះជាប្រទេសធ្វើការផ្តោតលើ ស្ថានភាពសេដ្ឋកិច្ច កំពុងធ្លាក់ចុះជាខ្លាំងក៏ដោយ ក៏សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានបន្តរក្សានិងអភិវឌ្ឍ នូវកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលផ្លោង របស់ខ្លួនដែរ”។

គួរបញ្ជាក់ថា ក្រុមមន្ត្រីបេសកកម្ម របស់ប្រទេសកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នៅពេលភ្លាមៗនេះ នៅមិនទាន់ធ្វើការឆ្លើយតប ចំពោះសំណើ ដែលស្នើសុំឲ្យផ្តល់ សេចក្តីអត្ថាធិប្បាយ ស្តីពីរបាយការណ៍ អង្គការសហប្រជាជាតិនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top