ព័ត៌មានអន្តរជាតិ

ចិនតែងតាំង មេបញ្ជាការយោធាថ្មី នៅតំបន់ស៊ីនជាំង

បរទេស៖ ប្រទេសចិន ទើបបានតែងតាំង មេបញ្ជាការយោធាថ្មីមួយរូប នៅក្នុងតំបន់ស៊ីនជាំង ជាទីដែលអាជ្ញាធរ បានបិទខ្ទប់សមាជិក ជនជាតិភាគតិច មូស្លីម ជាង១លាននាក់ ក្នុងអ្វីដែលពួកគេ ហៅថា ជាគោលបំណង ទប់ស្កាត់អំពើភេរវកម្ម និងភាពជ្រុលនិយម។

លោកឧត្តមសេនីយ៍ Wang Haijiang តាមសេចក្តីរាយការណ៍ នឹងត្រូវគ្រប់គ្រងលើវត្តមាន យោធាដ៏ធំមួយ ក្នុងតំបន់ភាគពាយព្យនោះ មានព្រំដែន ជាប់ប្រទេសអាស៊ីភាគកណ្ដាល ដែលគ្មានស្ថិរភាពមួយចំនួន រួមទាំងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។

ការតែងតាំង ដែលមិនប្រកាស របស់លោក Wang Haijiang នេះ គឺត្រូវបានបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់តំបន់យោធាស៊ីនជាំង ដែលបង្ហាញឲ្យឃើញរូបលោក កំពុងធ្វើជាអធិបតី នៅក្នុងពិធីចូលនិវត្តន៍មួយ សម្រាប់មន្ត្រីជាន់ខ្ពស់ នានាកាលពីថ្ងៃពុធ។

យោងតាមសេចក្តី រាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ចិន បានឲ្យដឹងថា លោក Wang Haijiang បានបង្ហាញខ្លួនច្បាំង ក្នុងអំឡុងសង្គ្រាម ព្រំដែនជាមួយវៀតណាម នៅដើមទសវត្សឆ្នាំ១៩៨០ និងធ្លាប់បានបម្រើការ ក្នុងអង្គភាពកងទ័ពរំដោះ ប្រជាជនចិនពិសេស៕

ប្រែសម្រួល៖ប៉ាង កុង

To Top