បាងកក ៖ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូឆា បានលុបចោលបទ បញ្ជារបស់លោក ដើម្បីហាមឃាត់ការ ផ្សព្វផ្សាយព័ត៌មាន ដែលអាចបំភ័យ សាធារណជនអំឡុង ពេលមានជំងឺរាតត្បាតកូវីដ-១៩ ។
សេចក្តីប្រកាសដែលបាន ចុះផ្សាយក្នុងរាជកាហ្សាតេ កាលពីថ្ងៃអង្គារបានលើកឡើង ពីដីការបស់តុលាការ ស៊ីវិល ដើម្បីរារាំងការអនុវត្តន៍ដីកា របស់លោកជាបណ្តោះអាសន្ន ហើយបានសន្និដ្ឋានថា វាត្រូវបានដកហូតវិញ នៅថ្ងៃទី០៩ ខែសីហា។
លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានដាក់បទបញ្ជាមួយនៅថ្ងៃទី២៩ ខែកក្កដា ដើម្បីហាមឃាត់ការផ្សាយព័ត៌មាន ឬខ្លឹមសារដែលអាចបំភ័យ សាធារណជន ឬបំភាន់ព័ត៌មាន ហើយជាលទ្ធផលបណ្តាល ឱ្យមានការយល់ច្រឡំក្នុងគ្រាអាសន្ន និងប៉ះពាល់ដល់សន្តិសុខជាតិ សន្តិភាព និងសណ្តាប់ធ្នាប់ របស់ប្រទេសនេះ ។
ក្នុងករណីមានការរំលោភលើច្បាប់ នាយករដ្ឋមន្រ្តីថៃ បានអនុញ្ញាតឱ្យការិយាល័យគណៈកម្មការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ (NBTC) ជូនដំណឹងដល់អ្នកផ្តល់ សេវាកម្មអ៊ិនធឺណិត ដើម្បីឱ្យពួកគេរារាំង មាតិកា ដែលមានបញ្ហា។ NBTC ត្រូវបានគេតម្រូវឱ្យជូនដំណឹង ទៅប៉ូលីសផងដែរ ដើម្បីចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា បទបញ្ជានេះបានទទួលការរិះគន់យ៉ាងខ្លាំង ពីសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាននៅក្នុងប្រទេសថៃ។ នៅថ្ងៃទី០២ ខែសីហា ក្រុមអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងមេធាវី សិទ្ធិមនុស្ស បានដាក់ញត្តិទៅតុលាការស៊ីវិល ប្រឆាំងនឹងនាយករដ្ឋមន្រ្តី ដោយសុំឱ្យដកហូតបទ បញ្ជា របស់ឧត្តមសេនីយ៍ប្រាយុទ្ធ ៕
ដោយ ឈូក បូរ៉ា