ព័ត៌មានអន្តរជាតិ

សម្ដីលោក បៃដិន ក្រោយដកកងទ័ព៖ កងទ័ពអាហ្វហ្គានីស្ថាន ត្រូវតែប្រយុទ្ធ ដើម្បីខ្លួនពួកគេផ្ទាល់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា កងទ័ពអាហ្វហ្គានីស្ថាន ត្រូវតែប្រយុទ្ធ ដើម្បីខ្លួនឯង ខណៈដែលទីក្រុងជាច្រើន បានធ្លាក់ទៅក្រោម ការគ្រប់គ្រងរបស់ពួកតាលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលហាក់ដូចជា ការមិនទទួលខុសត្រូវ ទាល់តែសោះ ក្រោយការដកកងទ័ពរបស់អាមេរិក និងណាតូ ចេញពីប្រទេស ដែលហែកហួរ ដោយសង្គ្រាមមួយនេះ។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា “យើងបានចំណាយប្រាក់ ជាងមួយសែនកោដិដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ។ យើងបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ទំនើបៗ ជាង៣០ម៉ឺននាក់ ដល់កងកម្លាំងអាហ្វហ្គានីស្ថាន ហើយមេដឹកនាំ អាហ្វហ្គានីស្ថាន ត្រូវតែរួមគ្នា ពួកគេត្រូវតែប្រយុទ្ធដើម្បីខ្លួនឯង ប្រយុទ្ធដើម្បីប្រទេសជាតិរបស់ពួកគេ” ។

សហរដ្ឋអាមេរិក នឹងបន្តផ្តល់ឱ្យកងកម្លាំង អាហ្វហ្គានីស្ថាន នូវការគាំទ្រតាមអាកាសយ៉ាងជិតស្និទ្ធ ម្ហូបអាហារ ឧបករណ៍ប្រាក់ខែ និងធ្វើឱ្យប្រាកដថា កងទ័ពអាកាសអាហ្វហ្គានីស្ថាន អាចដំណើរការបាន ប៉ុន្តែពួកគេចង់ប្រយុទ្ធ។ ពួកគេមានចំនួនលើសក្រុមតាលីបង់” ។

លោកបានបន្ថែមថា “យើងនឹងបន្តរក្សាការប្តេជ្ញា របស់យើងដោយមិនសោកស្តាយ ចំពោះការសម្រេចចិត្ត របស់លោក ក្នុងការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន នោះឡើយ”។

លោក បៃដិន បានបញ្ជាឱ្យយោធាអាមេរិក បញ្ចប់បេសកកម្ម នៅអាហ្វហ្គានីស្ថាននៅចុងខែនេះ។ បញ្ជាការកណ្តាលអាមេរិក បានឲ្យដឹងថា ជាង ៩៥ភាគរយ នៃប្រតិបត្ដិការដកកងទ័ព ចេញពីអាហ្វហ្គានីស្ថាន ត្រូវបានបញ្ចប់ហើយ។

កាលពីថ្ងៃចន្ទសប្តាហ៍មុន ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Mohammad Ashraf Ghani បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភាថា ទីក្រុងកាប៊ុល មានផែនការសន្តិសុខរយៈពេល ៦ ខែ ដើម្បីផ្លាស់ប្តូរស្ថានភាព នៅក្នុងសមរភូមិ។ ទន្ទឹមនឹងនេះលោកបាន ស្តីបន្ទោសការដកកងទ័ពអាមេរិក ដោយសារស្ថានការណ៍កាន់តែអាក្រក់ទៅៗ មិនមែនប្រសើរទៅនោះទេ ។

ក្រុមតាលីបង់កាលពីថ្ងៃអង្គារ បានអះអាងថាខ្លួនបានដណ្ដើមយកទីក្រុងហ្វារ៉ា ជារដ្ឋធានីនៃខេត្តហ្វារ៉ាខាងលិចប្រទេសអាហ្វហ្គានីស្ថាន ដែលជារដ្ឋធានីខេត្តទី ៧ ដែលបានធ្លាក់ក្នុងការគ្រប់គ្រងរបស់ក្រុមនេះ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានឲ្យដឹងនៅមុននេះថា ស្ថានការណ៍សន្តិសុខនៅអាហ្វហ្កានីស្ថាន គឺជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក។

លោកបានប្រាប់ អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយកត់សម្គាល់ថា អ្នកតំណាងពិសេសអាមេរិក សម្រាប់ការផ្សះផ្សា អាហ្វហ្គានីស្ថាន លោក Zalmay Khalilzad កំពុងជួបប្រជុំជាមួយតំណាង មកពីប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយកាត់បន្ថយអំពើហិង្សា និងបទឈប់បាញ់នៅអាំហ្វហ្គានីស្ថាន៕

ដោយ ឈូក បូរ៉ា

To Top