ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីនៅឥណ្ឌូនេស៊ី ព័ត៌មាន បឋមស្លាប់ ៣នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុង ស្រុក បានរាយការណ៍នៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និង២នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពី មានគ្រោះបាក់ដីដែលបានវាយប្រហារមកលើផ្ទះជាច្រើនខ្នង នៅខេត្ត North Sumatra ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីរាត្រីព្រហស្បតិ៍ ។

ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅក្នុងស្រុក Karo ខេត្តខាងលើ នៅក្នុងរយៈពេល២-៣ថ្ងៃកន្លងមកនេះ បង្កគ្រោះអាក្រក់កើតឡើង ដែលបានសម្លាប់មនុស្ស ។ លោក Toto Mulyono ប្រធានទីភ្នាក់ងារជួយសង្គ្រោះ និងរុករក Medan បានលើកឡើងនៅថ្ងៃសុក្រនេះថា ជនរងគ្រោះ ទាំង៣ត្រូវបានរកឃើញថា ស្លាប់ បន្ទាប់ពីបានកប់នៅក្នុងល្បាប់ភក់ និងដុំថ្ម ។

គាត់បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា “ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តរុករកពលរដ្ឋ២នាក់ទៀត ដែលបានកប់ដោយសារគ្រោះបាក់ដី” ។ ពលរដ្ឋចំនួន៤នាក់ ត្រូវបានគេរាយការណ៍មកថា មានជីវិតរស់នៅពេលជួបគ្រោះមហន្តរាយនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×