ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធាទាំងយប់ ប៉ុន្តែមិនមានបង្ហាញអាវុធថ្មីទេ

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើពិធីព្យុហយាត្រាយោធាទាំងយប់ ដើម្បីអបអរគម្រប់ខួបលើកទី៧៣ឆ្នាំនៃការបង្កើតប្រទេសរបស់ខ្លួន ប៉ុន្តែមិនមានដាក់បង្ហាញអាវុធថ្មីណាមួយនោះទេ។


យោងតាមរូបថតមួយដែលចេញដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA និងកាសែត Rodong Sinmun មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីព្យុហយាត្រា ដែលមានទំហំតូចជាងកម្មវិធីក្នុងឆ្នាំថ្មីៗកន្លងទៅនោះ។


ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន បានធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរវវិត្តន៍ ដើម្បីពិនិត្យមើលថា តើកូរ៉េខាងជើងនឹងដាក់បង្ហាញឧបករណ៍យោធា ថ្មីណាមួយដែរឬទេ នៅក្នុងអំឡុងពិធីព្យុហយាត្រាយោធា ដែលនេះជាពិធីបែបនេះទីមួយ គិតចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ឡើងកាន់តំណែងមក។


ប៉ុន្តែលោក Go Myong-hyun ជាមន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាគោលនយោបាយអាស៊ី មានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល បាននិយាយថា ពិធីព្យុហយាត្រាយោធានៅថ្ងៃព្រហស្បតិ៍នេះ ហាក់មានបំណងផ្ញើសារបង្ហាញពីភាពរឹងមាំខ្លាំងក្លា ដល់ទស្សនិកជនក្នុងស្រុក ស្របពេលមានវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះ៕


ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top