ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែ ៨គ្រឿង ក្រោមកិច្ចព្រមព្រៀងឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មី

បរទេស៖អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នាពេលថ្មីៗនេះ បានប្រកាសសម្ពន្ធភាពសន្តិសុខត្រីភាគីថ្មី រួមបញ្ចូលទាំងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីជួយយោធាអូស្រ្តាលី ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ហើយនេះគឺជាបំណងដ៏ច្បាស់មួយ ដើម្បីប្រឆាំងនឹងប្រទេសចិន។

មេដឹកនាំនៃប្រទេសទាំង៣នោះ បានបង្ហាញសម្ពន្ធភាព ដែលមានឈ្មោះថា AUKUS នៅថ្ងៃពុធសប្ដាហ៍នេះ និងបានសង្កត់ធ្ងន់ថា នាវាមុជទឹក នឹងដើរដោយថាមពលនុយក្លេអ៊ែ ប៉ុន្តែមិនមានបំពាក់អាវុធនុយក្លេអ៊ែនោះទេ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអូស្ត្រាលី គឺជាម្ចាស់ហត្ថលេខាមួយនៃសន្ធិសញ្ញាស្តីពីការមិនពង្រីកអាវុធនុយក្លេអ៊ែ។

ដោយមានការចួលរួមដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា ប្រទេសទាំង៣ កំពុងតែចាត់វិធានការជាប្រវត្តិសាស្ត្រមួយ ដើម្បីពង្រឹងសហប្រតិបត្តិការរបស់ខ្លួន៕ប្រែសម្រួល៖ប៉ាង កុង


To Top