ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖អាមេរិកប្រតិកម្មខ្លាំង ហួសជុំវិញការតេស្តមីស៊ីលបាញ់ពី នាវាមុជទឹក

បរទេស៖ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក កំពុងតែមានប្រតិកម្មខ្លាំងហួស ចំពោះការតេស្តមីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង និងបានចោទសួរពីភាពស្មោះត្រង់នៃការស្នើសុំធ្វើកិច្ចពិភាក្សាគ្នារបស់ទីក្រុងវ៉ាស៊ីនតោន ដោយព្រមានពីការមានផលវិបាកមិនល្អ។

យោងតាមកាសែតកណ្ដាលកូរ៉េខាងជើង KCNA បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាងមួយរូប បាននិយាយថា ការតេស្តមីស៊ីលផ្លោងថ្មីពីនាវាមុជទឹកនៅក្នុងសប្ដាហ៍នេះ គឺជាផ្នែកនៃផែនការពាក់កណ្ដាលនិងរយៈពេលវែងរបស់កូរ៉េខាងជើង ដើម្បីបង្កើនកិច្ចការពារខ្លួនឯង និងគ្មានគោលដៅលើអាមេរិក ឬក៏ប្រទេសដទៃណាមួយនោះទេ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែតុលា ឆ្នាំ្២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនេះបាននិយាយបន្តទៀងថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើទង្វើបង្កហេតុ ដោយការហៅការធ្វើតេស្តនោះថា ជាការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាការគម្រាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាជុំវិញការបាញ់តេស្តមីស៊ីលកូរ៉េខាងជើងនោះ តាមការស្នើរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ហើយប្រេសិតអាមេរិកបានជំរុញទីក្រុងព្យុងយ៉ាង ឲ្យទទួលយកសំណើពិភាក្សាគ្នា ដោយលើកឡើងដដែលថា ទីក្រុងវ៉ាស៊ីនតោន គ្មានបំណងជាសត្រូវចំពោះកូរ៉េខាងជើងនោះទេ៕ប្រែសម្រួល៖ប៉ាង កុង


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×