ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង ជំរុញឱ្យអាមេរិក ប្រយ័ត្នមាត់ ក្រោយពេលលោក ចូ បៃដិន បង្ហាញពីការប្តេជ្ញាការពារកោះតៃវ៉ាន់

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបទៅនឹង ការសន្យារបស់ប្រធានាធិបតី អាមេរិក លោក Joe Biden ដើម្បី “ការពារកោះតៃវ៉ាន់” លោក Wang ក៏បានជំរុញឱ្យមេដឹកនាំ សហរដ្ឋអាមេរិក សូមកុំមើលស្រាលការប្តេជ្ញាចិត្ត របស់ចិន ចំពោះការទាមទាររបស់ខ្លួន ចំពោះកោះនេះឱ្យសោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រថា «នៅពេលនិយាយអំពីបញ្ហា ដែលទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី និងផលប្រយោជន៍ស្នូល ផ្សេងទៀតរ បស់ចិន វាគ្មានកន្លែងសម្រាប់ប្រទេសចិន ក្នុងការសម្របសម្រួល ឬធ្វើសម្បទានទេ ហើយគ្មាននរណាម្នាក់ គួរមើលស្រាលការប្តេជ្ញាចិត្តដ៏រឹងមាំ និងសមត្ថភាពដ៏រឹងមាំ របស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឡើយ»។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «កោះតៃវ៉ាន់គឺជាផ្នែក ដែលមិនអាចកាត់ផ្តាច់ បាននៃទឹកដីរបស់ប្រទេសចិន» ដោយបន្ថែមថា «បញ្ហាកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុង របស់ចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឱ្យ មានការអន្តរាគមន៍ពីបរទេសឡើយ»។

សូមជម្រាបថា តៃវ៉ាន់បានបំបែកចេញ ពីចិនដីគោកក្នុងឆ្នាំ 1949 បន្ទាប់ពីសង្គ្រាមស៊ីវិលចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកកោះនេះ ជាផ្នែកមួយដ៏សំខាន់ របស់ប្រទេសចិន ហើយបានសន្យាបន្តការបង្រួបបង្រួម ដោយសន្តិវិធីជាយថាហេតុ របស់ខ្លួន ជាមួយសាធារណរដ្ឋប្រជាមានិត៕

ប្រែសម្រួលៈ ណៃ តុលា

To Top