ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារយូអិន៖ ប្រជាជនអាហ្វហ្គានីស្ថាន ជិត២៣លាននាក់ ប្រឈមមុខភាព អត់ឃ្លាន នៅក្នុងរដូវរងារនេះ

បរទេស៖ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ចំនួនពីរ បានព្រមាននៅថ្ងៃចន្ទថា មនុស្សជាច្រើននៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន កំពុងតែប្រឈមមុខនឹង ភាពអត់ឃ្លាន នៅក្នុងរដូវរងារនេះ ដោយសារតែអស្ថិរភាព រដ្ឋាភិបាល ក្នុងប្រទេស ដែលខ្ទេចខ្ទាំ ដោយសង្គ្រាម និងទណ្ឌកម្មសេដ្ឋកិច្ច ពាក់ព័ន្ធនឹងការកាន់អំណាច របស់ពួកតាលីបង់ ក្នុងរដូវក្តៅ។

កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការចំណីអាហារនិងវប្បធម៌ បាននិយាយក្នុងរបាយការណ៍រួមមួយថា គ្រោះរាំងស្ងួត ការប្រយុទ្ធគ្នា ការធ្លាក់ចុះនៃសេដ្ឋកិច្ច កំពុងតែរួមគ្នាធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថានជិត២៣លាននាក់អាចជួបភាពអត់ឃ្លាន នៅចន្លោះខែវិច្ឆិកានិងខែមីនា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការសិក្សា ដែលមានឈ្មោះថា ការកំណត់ចំណាត់ថ្នាក់នៃសន្តិសុខស្បៀងអាហាររួម គឺជាស្តង់ដារពិភពលោក សម្រាប់ធ្វើការវាយតម្លៃលើសន្តិសុខស្បៀងអាហារ។

ចំនួនអ្នកប្រឈមមុខនឹងភាពអត់ឃ្លានដ៏ខ្លាំងក្លានេះ គឺជាចំនួនពាក់កណ្ដាលនៃប្រជាជនអាហ្វហ្គានីស្ថាន និងរុញច្រានកម្រិតភាពខ្វះខាតរបស់ប្រទេសអាហ្វហ្គានីស្ថាន ឲ្យមានកម្រិតខ្ពស់ជាងប្រទេសមានវិបត្តិនានាផ្សេងទៀត ដូចជាប្រទេសអេត្យូពី ស៊ូដង់ខាងត្បូង ស៊ីរី និងប្រទេសយេម៉ែនជាដើម៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×