ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងដឹកនាំប្រតិភូចូលរួម ក្នុងកិច្ចប្រជុំអាស៊ាន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ស ហៅកាត់ថា (អាស៊ាន) នៅថ្ងៃអង្គារនេះ (ទី២៦ ខែតុលា) ដែលជាលើកដំបូង ក្នុងរយៈពេល៤ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោន នឹងចូលរួមនៅកម្រិតកំពូល ជាមួយប្លុកដែលខ្លួនមើលឃើញថា ជាគន្លឹះដ៏សំខាន់ ចំពោះយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការរុញច្រានប្រឆាំង នឹងប្រទេសចិន។

ស្ថានទូតអាមេរិក ប្រចាំប្រទេសប្រ៊ុយណេ បានប្រាប់ថា លោក បៃដិន នឹងដឹកនាំគណៈប្រតិភូអាមេរិក សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចប្រជុំ ជាបន្តបន្ទាប់របស់មេដឹកនាំអាស៊ាន នៅក្នុងសប្តាហ៍នេះ។

សហរដ្ឋអាមេរិក មិនបានចូលរួមកិច្ចប្រជុំ នៅថ្នាក់ប្រធានាធិបតីទេ ចាប់តាំងពីអ្នកកាន់ តំណែងមុនរបស់លោក បៃដិន គឺលោក ដូណាល់ ត្រាំ បានចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅទីក្រុងម៉ានីល នៅក្នុងឆ្នាំ២០១៧ ។

អ្នកវិភាគបានលើកឡើងថា កិច្ចប្រជុំរបស់លោក បៃដិន ជាមួយប្លុក១០ប្រទេស ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលរបស់លោក ក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា មួយដើម្បីរុញច្រានប្រឆាំង នឹងប្រទេសចិន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top