ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសមីយ៉ាន់ម៉ា៖ “ការសម្រេចចិត្តរបស់អាស៊ាន នឹងជាការប្រមាថដល់អធិបតេយ្យភាពរបស់យើង”

យ៉ាំងហ្គោន៖ មន្រ្តីក្រសួងការបរទេសជាន់ខ្ពស់មីយ៉ាន់ម៉ាលោក Zaw Min Tun បានប្រាប់អ្នកយកព័ត៌មានថា “តាមពិតទៅ ប្រមុខរដ្ឋនឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល” ដោយបន្ថែមថា ការសម្រេចចិត្តរបស់អាស៊ាន នឹងជាការប្រមាថដល់អធិបតេយ្យភាពរបស់យើង”។

អ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចក្នុងប្រទេសបន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ បានឲ្យដឹងថា រដ្ឋាភិបាលយោធា បានទទួលការអញ្ជើញ សម្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិម្មិតនៅថ្ងៃអង្គារនេះ។

ឧត្តមសេនីយ Zaw Min Tun បានសម្តែងការមិនសប្បាយចិត្ត ចំពោះការដកមេដឹកនាំយោធាលោក មីន អ៊ុនឡាំង ចេញពីកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងសប្តាហ៍នេះ ដោយលើកឡើងពីលទ្ធភាព ដែលគ្មាននរណាម្នាក់តំណាងឱ្យប្រទេសមីយ៉ាន់ម៉ា ក្នុងឱកាសនេះ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្រេចចិត្តកាលពីដើមខែនេះ ដើម្បីដកឧត្តមសេនីយឯកលោក មីន អ៊ុងឡាំង មេបញ្ជាការយោធា ចេញពីកិច្ចប្រជុំ ដែលនឹងដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍ ហើយបានសម្រេចចិត្តជំនួសវិញ ដើម្បីអញ្ជើញ “តំណាងមិនមែននយោបាយ”។

ការសម្រេចចិត្តនេះ គឺផ្អែកលើការខ្វះកិច្ចសហប្រតិបត្តិការរបស់យោធា ជាមួយអាស៊ាន ក្នុងការអនុវត្តការយល់ស្របចំនួន ៥ចំណុចក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ា៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×