ព័ត៌មានអន្តរជាតិ

មេដឹកនាំអឺរ៉ុប ស្វាគមន៍ការប្ដេជ្ញាចិត្ដ របស់លោក បៃដិន ក្នុងវិលត្រឡប់ទៅរក កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់

រ៉ូម៖ មេដឹកនាំអាល្លឺម៉ង់ បារាំង និងអង់គ្លេស បានបង្ហាញពីក្តីសង្ឃឹម នៃការវិលត្រឡប់ ទៅរកការអនុលោមពេញលេញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយភាគីទាំងអស់ បន្ទាប់ពីកិច្ចប្រជុំជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន។

សេចក្តីថ្លែងការណ៍រួម ដែលចេញដោយលោក បៃដិន អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្រ្តីអង់គ្លេស ប្រធានាធិបតីបារាំងបានឲ្យដឹងថា “យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ដែលបានបង្ហាញយ៉ាងច្បាស់ របស់ប្រធានាធិបតីលោក បៃដិន ក្នុងការប្រគល់សហរដ្ឋអាមេរិក មកវិញនូវការអនុលោមតាម JCPOA (ផែនការសកម្មភាពទូលំទូលាយរួម) និងរក្សាការអនុលោម តាមច្បាប់ពេញលេញ ដរាបណាប្រទេសអ៊ីរ៉ង់ ធ្វើដូចគ្នា” ។

កិច្ចប្រជុំរបស់មេដឹកនាំទាំង៤រូប ត្រូវបានធ្វើឡើងនៅក្រៅ កិច្ចប្រជុំកំពូល ក្រុមប្រទេសទាំង២០ ហៅកាត់ថា (G20) នៅទីក្រុងរ៉ូម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងជឿជាក់ថា វាអាចទៅរួចដើម្បីឈាន ទៅដល់យ៉ាងឆាប់រហ័ស និងអនុវត្តការយោគយល់មួយ លើការវិលត្រឡប់ទៅរក ការអនុលោមតាមច្បាប់ពេញលេញ និងធានាសម្រាប់រយៈពេលវែង ដែលកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ គឺសម្រាប់តែគោលបំណងសន្តិភាព”។

អ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់លោក Ali Bagheri Kani បានជួបអ្នកសម្របសម្រួល សហភាពអឺរ៉ុប កាលពីថ្ងៃពុធ ហើយបានយល់ព្រមបន្តការចរចា ក្នុងគោលបំណងស្តារ JCPOA ឡើងវិញនៅចុងខែវិច្ឆិកា។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា “ការត្រលប់ទៅការអនុលោមតាម JCPOA នឹងផ្តល់នូវការដកទណ្ឌកម្ម ជាមួយនឹងផលប៉ះពាល់យូរអង្វែង សម្រាប់កំណើនសេដ្ឋកិច្ចរបស់អ៊ីរ៉ង់” ដោយបន្ថែមថា “នេះនឹងអាចធ្វើទៅបាន លុះត្រាតែអ៊ីរ៉ង់ ផ្លាស់ប្តូរផ្លូវ” ។

មេដឹកនាំលោកខាងលិចទាំង៤រូប បានអំពាវនាវដល់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ឱ្យ “ចាប់យកឱកាសនេះ ហើយត្រឡប់ ទៅរកការខិតខំប្រឹងប្រែង ដោយស្មោះត្រង់ ដើម្បីបញ្ចប់ការចរចារបស់យើង ជាបញ្ហាបន្ទាន់”៕ ដោយ ឈូក បូរ៉ា

To Top