ព័ត៌មានអន្តរជាតិ

ពន្ធនាគារជាច្រើននៅអាមេរិក កំពុងខ្វះខាតបុគ្គលិកខ្លាំង ដោយសារជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ Associate Press (AP) បានរាយការណ៍កាលពីពេលថ្មីៗនេះថា ពន្ធនាគារនៅសហរដ្ឋអាមេរិក បាននឹងកំពុងប្រឈមមុខ នឹងការខ្វះខាតបុគ្គលិកកាន់តែធ្ងន់ធ្ងរ នៅពេលដែលមន្រ្តីបានឈប់ សម្រាកនៅចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។

អ្នកសេដ្ឋវិទូនៅសាកលវិទ្យាល័យ Michigan លោក Betsey Stevenson បានលើកឡើងថា “ដោយការបរាជ័យក្នុងការការពារអ្នកទោស ពីជំងឺកូវីដ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌមិនត្រឹមតែបង្កើត ហានិភ័យអយុត្តិធម៌នៃជំងឺធ្ងន់ធ្ងរ និងការស្លាប់សម្រាប់អ្នកជាប់ ឃុំប៉ុណ្ណោះទេ ប៉ុន្តែការកើនឡើងហានិភ័យនៃជំងឺកូវីដដល់ និយោជិតបានរួមចំណែកដល់ការខ្វះខាតបុគ្គលិក” ។

ទន្ទឹមនឹងនោះ សម្រាប់មន្ត្រីដែលនៅសេសសល់ កង្វះខាតកាន់តែអាក្រក់ទៅៗ បានធ្វើឱ្យការងារលំបាករួចទៅហើយមិនអាចទ្រាំទ្របាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ពន្ធនាគារមួយចំនួននៅក្នុងរដ្ឋហ្សកហ្ស៊ី  បានរាយការណ៍ថា មានអត្រាទំនេររហូតដល់ ៧០ ភាគរយ ខណៈដែលរដ្ឋផ្លរីដាបានបិទពន្ធនាគារចំនួន៣ កន្លែងជាបណ្ដោះអាសន្ន ដោយសារតែមិនមានបុគ្គលិក។

កង្វះបុគ្គលិកត្រូវបានគេរាយការណ៍ថា ជាបញ្ហាប្រឈមជាយូរមកហើយ សម្រាប់ពន្ធនាគាររបស់សហរដ្ឋអាមេរិក ដោយទទួលបានប្រាក់ខែទាប អត្ថប្រយោជន៍មិនល្អ និងលក្ខខណ្ឌការងារដ៏គួរឱ្យរន្ធត់ ប៉ុន្តែការកើនឡើងហានិភ័យនៃជំងឺកូវីដ-១៩ សម្រាប់អ្នកធ្វើការនៅទីនោះបានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ៕ដោយ ឈូក បូរ៉ា

To Top